Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់ កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅខេត្តកែប នឹងក្លាយជាគោលដៅទេសចរណ៍កាន់តែទាក់ទាញ

spot_img

ខេត្តកែប ៖ គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅខេត្តកែបនេះ នឹងក្លាយជាគោលដៅទេសចរណ៍ កាន់តែទាក់ទាញបន្ថែមទៀត ដែលអាចឲ្យអ្នកទេសចរដើរទស្សនាតាមមាត់ឆ្នេរ និងងូតទឹកសមុទ្រកម្សាន្ត។

គម្រោងអភិវឌ្ឍន៍នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានប្រវែង ២៧០០ម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់កម្សាន្តសាធារណៈ តាមបណ្ដោយឆ្នេរសមុទ្រមានទទឹងយ៉ាងតិចប្រវែង ៣០ និងសួនច្បារសាធារណៈ និងដាំដើមឈើ នៅលើដីចំណីឆ្នេរសមុទ្រមានទទឹងប្រវែង ៥០ ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លម្អសាធារណៈ និងផ្ទៃបៃតងសម្រាប់សាធារណជន និងទេសចរ។

បច្ចុប្បន្នខេត្តកែប មានឆ្នេរសមុទ្រមួយហៅថាឆ្នេរស្រីស ឆ្នេរនេះមានប្រវែងតែជាង ៣០០ម៉ែត្រតែប៉ុណ្ណោះ ដែលប្រវែងនេះ មិនសមាមាត្រ នឹងចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តនេះរាប់ម៉ឺននាក់នោះទេ ជាពិសេសនៅថ្ងៃបុណ្យសំខាន់ៗ និងថ្ងៃចុងសប្តាហ៍។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា ក្រោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គម្រោងនេះនឹងអាចដំណើរការបានក្នុងពេលឆាប់ៗនេះ។ ឯកឧត្តម បន្តថាឆ្នេរសមុទ្រ ដែលគ្រោងអភិវឌ្ឍន៍ទៅជារមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ លាតសន្ធឹងតាមបណ្តោយផ្លូវលេខ ៣៣A ចាប់ពីចំណុចសហគមន៍ព្រៃកោងកាង រហូតដល់ផ្សារក្តាមនៃខេត្តកែប។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់នេះ នឹងជួយលើកម្ពស់វិស័យទេសចរណ៍ខេត្តកែប និងការធ្វើឲ្យប្រសើរឡើងនូវតំបន់ឆ្នេរ នឹងជួយបង្កើនចំណូលជូនពលរដ្ឋ និងរដ្ឋ លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ខណៈប្រជាពលរដ្ឋខេត្តកែបភាគច្រើន មានមុខរបរសំខាន់បម្រើឲ្យសេវាកម្មទេសចរណ៍៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×