ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួន ២ករណីផ្សេងគ្នា ម្នាក់ពីបទលួច និងម្នាក់ទៀតពីបទប្រើហិង្សា បង្កឲ្យមានជនរងគ្រោះរបួសស្នាម ហេតុការណ៍ខ្លួនកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លូនឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅក្នុងសិប្បកម្ម ស្ថិតនៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ (ជនសង្ស័យអវិជ្ជមានកូវីដ១៩) ។ ជនរងគ្រោះឈ្មោះ ស្រ៊ឺ ម៉េងហៀង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើប្រហិត ស្នាក់នៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ ។
បេីតាមសម្ដីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ជនរងគ្រោះ កំពុងធ្វើការនៅក្នុងសិប្បកម្ម ធ្វើប្រហិតនៅទីតាំងកន្លែងកេីតហេតុ។ ពេលនោះជនសង្ស័យ បានកាន់កាំបិតចិតបន្លែ ដើរទៅសួរនាំជនរងគ្រោះថា ហេតុអ្វីបានយកកញ្ច្រែងជ័រវ៉ៃក្បាលប្រពន្ធខ្ញុំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី នៅក្នុងសិប្បកម្ម ហើយជនរងគ្រោះក៏បានទាស់សំដីគ្នា ជាមួយជនសង្ស័យ រួចជនសង្ស័យ បានច្រានទ្រូងជនរងគ្រោះឱ្យដើរចេញ ហើយជនរងគ្រោះ ក៏បានយកកញ្ច្រែងដែក វ៉ៃទៅលើជនសង្ស័យ ត្រូវចំកំភូនដៃខាងឆ្វេង ហើមជាំ ។ បន្ទាប់មកជនសង្ស័យខឹង ក៏បានយកកាំបិតចិតបន្លែ ដែលកាន់នៅដៃស្រាប់ ចាក់លើជនរងគ្រោះត្រូវចំស្មាផ្នែក ខាងក្រោយចំហៀងខាងឆ្វេងបោះដៃផុត មួយកាំបិតរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានកម្មករធ្វើការជាមួយគ្នា នាំជនរងគ្រោះយកទៅព្យាបាល នៅក្លីនិចឯកជនឈ្មោះ អង្គរជ័យ ស្ថិតនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដេរចំនួន០៤ថ្នេរ ។ ហើយសមត្ថកិច្ចក៏បានចុះទៅជួយធ្វើអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក។ វត្ថុតាងចាប់យក៖ កាំបិតចិតបន្លែ (ទំហំ០៣ធ្នាប់ដៃ) ប្រវែង៣០សង់ទីម៉ែត្រចំនួន០១ ។

ចំណែកជនសង្ស័យទី២ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ អ៊ុ ពៅ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ (ជនសង្ស័យអវិជ្ជមានកូវីដ១៩) ។ ជនរងគ្រោះឈ្មោះ ឌី សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរវិស្វករ ទីលំនៅភូមិ ព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះបានចេញពីផ្ទះ ស្ថិតភូមិកេីតហេតុខាងលេី ទៅធ្វើការនៅការដ្ឋានសំណង់ នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ និងបានផ្តាំផ្ញើឈ្មោះ យ័ន្ត អ៊ុកធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ដែលមានផ្ទះជាប់ផ្ទះរបស់ជនរងគ្រោះ ឱ្យជួបមើលផ្ទះផង ។ លុះដល់វេលាម៉ោងកេីតហេតុខាងលេី ក៏មានជនសង្ស័យ បានជិះម៉ូតូ១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ មកឈប់ខាងក្រោយផ្ទះរបស់ជនរងគ្រោះ រួចផ្លោះរបងចូលទៅក្នុងដីឡូតិ៍ ផ្ទះរបស់ជនរងគ្រោះ ធ្វើសកម្មភាពលួចគ្រែដែកចំនួន០២ និងដែកពុម្ភសសរមួយចំនួន ដែលជនរងគ្រោះបានគរទុក នៅក្នុងដីឡូតិ៍ខាងក្រោយផ្ទះ លើកបោះទៅខាងក្រៅរបង ។ ពេលនោះឈ្មោះ យ័ន្ត អ៊ុកធារ៉ា បានឃើញជនសង្ស័យធ្វើសកម្មភាព ក៏ទូរស័ព្ទប្រាប់ជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ឱ្យជួយអន្តរាគមន៍ ។ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ក៏បានចុះជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពលួចគ្រែដែក និងដែកពុម្ភសសររបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមក ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព លួចដែករបស់ជនរងគ្រោះ អស់ជាច្រើនថែមទៀតផង។
វត្ថុតាងចាប់យក ៖ ១.ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ (ម៉ូតូចាស់) ២.គ្រែដែកចំនួន០២ និងដែកពុម្ភសសរមួយចំនួន ៣.ទូរស័ព្ទដៃម៉ាកOPPO ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម



