Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart «Sponsored Data» ជួយអាជីវកម្ម អនឡាញ ផ្ដល់អ៊ិនធឺណិតឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងវេបសាយ

spot_img

ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្ដិករទូរគមនាគមន៍ចល័ត ឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ដំណើរការសេវាកម្មថ្មី ដែលមានឈ្មោះថា «Smart Sponsored Data» នឹងអនុញ្ញតឱ្យអាជីវកម្មអនឡាញនៅកម្ពុជា ផ្ដល់សេវាអ៊ិនធឺណិតដោយឥតគិតថ្លៃ សម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ វេបសាយនៃអាជីវកម្មអនឡាញរបស់ពួកគេ។

ក្រុមហ៊ុន Nham24 និង LM CAR ស្ថិតក្នុងចំណោមអាជីវកម្មដំបូង ដែលបានកំពុងប្រើប្រាស់សេវាកម្ម Smart Sponsored Data ដូច្នេះអតិថិជនរបស់់ក្រុមហ៊ុន Smart ឥឡូវនេះអាចភ្ជាប់ជាមួយនឹងអាជីវកម្មអនឡាញ ដែលកំពុងពេញនិយមទាំងអស់នេះ តាមរយៈកម្មវិធីទូរស័ព្ទរបស់ពួកគេដោយមិនចាំបាច់ប្រើប្រាស់ទិន្នន័យអិុនធឺណិតផ្ទាល់ របស់ខ្លួននោះទេ។

លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា៖ «ការផ្តល់ជូនបែបនេះ ពីក្រុមហ៊ុនដែលកំពុងទទួលបានការគោរព និងកេរ្តិ៍ឈ្មោះល្អមួយរបស់កម្ពុជាបង្ហាញថា ក្រុមហ៊ុន Smart ពិតជាយល់អំពីរបៀបដែល អាជីវកម្មឌីជីថលធ្វើប្រតិបត្តិការ និងសារៈសំខាន់សម្រាប់យើងក្នុងការភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនរបស់យើងបានគ្រប់ពេលវេលា។ តាមរយៈការភ្ជាប់គម្រោង Smart Sponsored Data យើងកំពុងបន្ថែមអត្ថប្រយោជន៍ពិតៗ សម្រាប់អតិថិជនរបស់យើង ដែលជាអតិថិជនក្រុមហ៊ុន Smart។»

លោក Zheng Pei អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន LM Car បានថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថាតើវាធ្វើឲ្យយើងខកចិត្តប៉ុណ្ណា នៅពេលដែលអស់ទិន្នន័យអិុនធឺណិតអំឡុង ពេលព្យាយាមកក់រថយន្តតាក់ស៊ី ប៉ុន្តែអ្នកប្រើប្រាស់កម្មវិធី LM Car ដែលជាអតិថិជនក្រុមហ៊ុន Smart នឹងមិនចាំបាច់មានក្ដីបារម្ភអំពីបញ្ហានេះតទៅទៀតទេ។»
ជាមួយនឹងការកើនឡើងនូវអាជីវកម្មឌីជីថល ប្រកបដោយភាពច្នៃប្រឌីតជាច្រើននៅកម្ពុជា ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន នៅទីកន្លែងដែលពួកគេមានវត្តមាន ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នានា ចាំបាច់ត្រូវច្នៃផលិតផលរបស់ពួកគេ ដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម SMEs និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងដឹងយ៉ាងច្បាស់ថា សេវាអិុនធឺណិតចល័ត គឺជាគន្លឹះឆ្ពោះទៅរកអនាគតឌីជីថល។ ការតភ្ជាប់សេវាឌីជីថលតាមរយៈការផ្តល់ជូនទិន្នន័យ ប្រកបដោយភាពច្នៃប្រឌិតដូចជាសេវាកម្ម Smart Sponsored Data នឹងធានាថាអតិថិជនរបស់យើង នឹងទទួលបានការប្រើប្រាស់ទិន្នន័យអ៊ិនធឺណិត ដ៏ល្អបំផុតរបស់ពួកគេ ក៏ដូចជារក្សាទិន្នន័យអុិនធឺណិត ដើម្បីភ្ជាប់ជាមួយនឹងសេវាកក់ការធ្វើដំណើរ និងសេវាដឹកជញ្ជូនអាហារ ដែលបានក្លាយជាកត្តាដ៏ចម្បង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។»

លោក ថូម៉ាស បានបន្ថែមថា៖ «ការពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់យើង តាមរយៈភាពជាដៃគូនានា ដូចជាភាពជាដៃគូនេះ ដែលអាចឱ្យអតិថិជន និងអាជីវកម្មភ្ជាប់ទំនាក់ទំនងគ្នាបាន គឺជាផ្នែកដ៏ចម្បងមួយនៃទស្សនវិស័យ របស់យើងក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរ។ ពិតណាស់ ការធ្វើការងារជាមួយអាជីវកម្មឌីជីថល មិនមែនជារឿងថ្មីទេសម្រាប់ពួកយើង នៅពេលដែលយើងបន្តចូលរួមឥតឈប់ឈរ ជាមួយអាជីវកម្មទើបបង្កើតថ្មីឈានមុខគេជាច្រើន និងអាជីវកម្មល្បីឈ្មោះនានា ដើម្បីផ្តល់ដំណោះស្រាយចាំបាច់ ដែលពួកគេត្រូវការក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។ យើងតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើនវានុវត្តន៍ និងបង្កើតដំណោះស្រាយធំៗនៅពេលក្រោយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។»

យោងតាមរបាយការណ៍ចុងក្រោយបំផុតពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីចុងខែ ឧសភា អាជីវកម្មបច្ចេកវិទ្យានិងឌីជីថលកម្ពុជា បានបង្កើតប្រាក់ចំណូលចំនួន ៤៧០លានដុល្លារ ក្នុងឆ្នាំ២០១៩ ហើយចំណូលដែលអាចសម្រេចបានជាលទ្ធផលនេះ គឺមិនអាចកើតឡើងបានបើសិនជាមិនមានការសេវាតភ្ជាប់ទំនាក់ទំនង ដែលមានតម្លៃសមរម្យនិងគ្រប់ទីកន្លែង ជាពិសេសអ៊ិនធឺណិតទូរស័ព្ទចល័ត ដែលផ្ដល់ជូនដោយប្រតិបត្តិការទូរគមនាគមន៍ចល័តនានា ដូចជាក្រុមហ៊ុន Smart ជាដើម។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart និងឱកាសភាពជាដៃគូរវាងន សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៊ីមែ៉ល៖ koam.tivea@smart.com.kh៕

spot_img
×