ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីគ្រោងនិង បើកសវនាការជំនុំជម្រះ លើជនត្រូវចោទឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ(ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) ដែលជាប់ចោទពីបទ. រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ. រក្សាទុកអាវុធដោយខុសច្បាប់ ចំណែកឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ ជាប់ចោទពីបទ.ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តែសវនាការនេះត្រូវបានលើកពេលវិញ ដោយសារតែមេធាវីការពារក្តីឲ្យឈ្មោះ ឈុន សុមេធា សុំលើក ។

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ជនត្រូវចោទឈ្មោះ ឈុន សុមេធា នឹងជនត្រូវចោទឈ្មោះ កេន ចាន់រី ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាប់ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម រួចបន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសំរបសំរួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។
សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង៖ ទី១.នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។ ទី២.នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ផ្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក៕រក្សាសិទ្ធិដោយ៖ជំនោ







