ភ្នំពេញ៖ អាជ្ញាធរខណ្ឌនិងអាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរចាប់ពីថ្នាក់ភូមិរហូតដល់រាជធានីបាននឹងកំពុងបំពេញការងារជាច្រើន ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយកិច្ចការងារខ្លះបើលើសពីសមត្ថភាព ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋនឹងបន្តនាំនូវកង្វល់របស់បងប្អូនប្រជាពលរដ្ឋទៅថ្នាក់ជាតិបន្តទៀត។
ការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ តុលានេះ ក្នុងវេការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសាលាខណ្ឌមានជ័យ ស្ថិតនៅក្បែរនឹងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ក្នុងវេទិកានេះប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងពីកង្វល់របស់គាត់ជាច្រើននាក់ផងដែរ ដូចជាបញ្ហាលូ ខុសបច្ចេកទេសទឹកមិនហូចូលលូ មិនមាន គម្របរឺហ្គែលូ ដោយបន្សល់ផលវិបាកច្រើន ចាក់អង្រែក្រោម បញ្ហាផ្លូវបាក់ស្រុត បញ្ហាការវិនិយោគផ្សារប៉េសេ បញ្ហាការបញ្ជាក់លិខិតមរណភាព សូមកុំឲ្យដល់តុលាការ សូមត្រឹមចេញត្រឹមសង្កាត់ឬ ខណ្ឌបានហើយ ដោយហេតុថាពួកគាត់កំពុងមានទុក្ខ មានបញ្ហាលើលិខិតស្នាមនេះថែមមួយកម្រិតទៀត។
ប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងឱកាសនោះក៏កោតសរសើរចំពោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចុះលុយទឹក មើលស្ថានភាពជាក់ស្តែង ដើម្បីដោះស្រាយទឹកលិចផ្ទះប្រជាពលរដ្ឋ ។ បញ្ហាប្រជាជនយកផ្លូវវែង ស្រេងនៅម្តុំលូ៥លក់ដូរ គួរពិន័យម្ចាស់ផ្ទះដែលអនុញ្ញាតឲ្យគេលក់ និងការលើកឡើងពីមន្ត្រីសុរិយោដី អនុញ្ញាតឲ្យសាងសង់ផ្ទះធ្វើលូមិនត្រូវតាមលក្ខណៈបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ ជាដើម។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានលើកឡើងថា ចំពោះផ្លូវជាតិលេខ២ មានគម្រោងហើយ ហើយការដោះស្រាយកន្លងមកនេះគ្រាន់តែជាការដោះស្រាយជាបណ្តោះអាសន្នទេ ដោយប្រើប្រាស់លុយផ្ទាល់ខ្លួនរបស់អាជ្ញាធរនិងសប្បុរសជន ។ ចំពោះការដោះស្រាយ បើអាជ្ញាធរខណ្ឌដោះស្រាយបានយើងដោះស្រាយភ្លាម បើដោះមិនបានបញ្ជូនទៅក្រុងដើម្បីដោះស្រាយបន្តជូនប្រជាពលរដ្ឋ។ លោកថាបញ្ហាប្រឈមមួយចំនួនលោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់មិនបានមកខណ្ឌសោះ ។លោកបន្តថា ការស្នើសុំធ្វើផ្លូវលូជាបញ្ហាកញ្ចប់រួម ដែលយើងបានចាត់ជាគោលដៅអតិភាពរួចហើយ ដោយបានកំណត់យ៉ាងច្បាស់ ថាតើផ្លូវលូ ប្រភេទណាដែលខាងសង្កាត់ ខណ្ឌ ក្រុងជាអ្នកទទួលមកធ្វើការអភិវឌ្ឍនិងរាជធានីទទួលកម្រិតណា ។ បញ្ហាសំរាមជារឿងមិនធំទេ ជារឿងដែលអាជ្ញាធរថ្នាក់សង្កាត់ដែលអាចធ្វើបាន ប្រជាពលរដ្ឋគាត់ទុកចិត្តទើបគាត់បោះឆ្នោតឲ្យធ្វើជាចៅសង្កាត់ ចុះហេតុអ្វី ដោះបញ្ហាប៉ុណ្ណឹងមិនបាន ថាតើគាត់មានអីសង្ឃឹមអីទៀត។ បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ពិសេសនៅលើផ្លូវវេងស្រេង ម្តុំលូប្រាំ យើងបានជូនដំណឹងមិនក្រោម២០ដងទេ ហើយនៅពេលចុះរៀបចំ មានមន្ត្រីយើងមួយចំនួនពិសេសរហូតដល់អភិបាលរង នាយករដ្ឋបាលនិងកម្លាំងសន្និសុខខណ្ឌក៏ធ្លាប់ត្រូវបានអាជីករយកកញ្ច្រែងវាយក្បាលថែមទៀត តែអាជ្ញាធរយើងមិនមានការតបតអោយមានហឹង្សានោះទេ។
ក្នុងឱកាសនោះដែរ លោកនួន ផារ័ត្ន បានលើកឡើងថា បញ្ហាបើដោះស្រាយបាននៅត្រឹមថ្នាក់ភូមិ សង្កាត់ ខណ្ឌ រាជធានី យើងនឹងដោះស្រាយជូនភ្លាមៗ តែបើហួសសមត្ថភាព យើង នឹងពាំនាំបញ្ហានោះទៅថ្នាក់ជាតិថែមទៀត។ ដូចជាការកែអត្រានុកូលដ្ឋាននិងសំបុត្រមរណភាពជាដើម ដែលទាមទារឲ្យមានសាលក្រមពីតុលាការ ហើយបញ្ហាកង្វល់នេះយើងពាំនាំបញ្ហានេះទៅថ្នាក់ជាតិ ដើម្បីដោះស្រាយបន្ត។ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ជារឿងដែលយើងចូលរួមអនុវត្តទាំងអស់គ្នា បើធ្វើតែអាជ្ញាធរគឺមិនបានជោគជ័យទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងនាមអាជ្ញាធរនឹងធ្វើឡើងជាប្រចាំ ឲ្យបានដូចជាភ្លៀងរលឹម ។ ជាក់ស្តែងសម្រាប់ផ្លូវវេងស្រេង ម្តុំលូ៥ ជាបញ្ហាប្រឈមយ៉ាងខ្លាំងពិសេសការរំលោភយកទ្រូងផ្លូវតែម្តង ដែលបញ្ហានេះជាបញ្ហាដែលត្រូវ ដោះស្រាយទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ បើទោះបីអាជ្ញាធរធ្វើកិច្ចការងារនេះច្រើនលើកមកហើយមិនទទួលជោគជ័យក្តី៕ ដោយ៖កូឡាប