ភ្នំពេញ ៖ បន្ទាប់ពីសវនាការបើកនៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ដឹកនាំលោក សុង ប៊ុនរិទ្ធិ ចៅក្រមជំនុំជម្រះនិងលោក លឹម ប៊ុនហេង ជាតំណាងអយ្យការ បានសម្រេចពន្យារពេល ក្នុងការប្រកាសសាលក្រមនេះ មានជនជាប់ចោទឈ្មោះ នី ណាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់ ជេរប្រមាថ និងញុះញង់ឲ្យ មានការរើសអើង មាត្រា ៤៩៤ ៤៩៦ និង ៣០៧ នៃ ក្រមព្រហ្មទណ្ឌ។ នៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ ខាងមុខវិញ។

គួររំលឹកថា នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ធ្នូនេះ បានចាប់ខ្លួនបុគ្គល ឈ្មោះ នី ណាក់ ជាមន្ត្រីក្រសួងកសិកម្ម ករណីប្រើវោហាស័ព្ទដៀមដាមថ្នាក់ដឹកនាំ រឿងទិញម៉ាស់ពាក់ឲ្យមាន់ រួចបញ្ជូនមកតុលាការ ដើម្បីចាត់ការ តាមច្បាប់តែម្តង ។
គេចាំថាពាក់ព័ន្ធករណីនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងតាមបណ្តាញសង្គមតេឡេក្រាម ( Telegram ) នា រសៀលថ្ងៃទី៧ ធ្នូ ថាៈ លោកបានឲ្យមន្ត្រីស្រាវជ្រាវ អំពីករណីថាតើកសិដ្ឋានរបស់បុគ្គល ឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេក ឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សីពិតមែនឬទេ ? ។

តុលាការលើកឡើងថាហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថាៈ « ខ្ញុំបានត្រៀម ឬព្រាងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំ ក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្តាសាយ រលាកផ្លូវដង្ហើមកំពុងតែរាតត្បាត ក្នុងកសិដ្ឋាន ។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ច របស់កូនមាន់ យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុងកុំចេញក្រៅ ឲ្យសោះបើគ្មានការចាំបាច់ » ។
សូមជម្រាបថា តាមសំណេររបស់ ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និងអះអាងថាកំពុងឌឺដង ឬ ផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕ រក្សាសិទ្ធិដោយ៖ជំនោ



