Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅខេត្តកំពត ទៅអង្គភាពប្រឆាំងអំពើពុករលួយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅខេត្តកំពត ក្នុងនោះមានអភិបាលរងខេត្តកំពតម្នាក់ នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានការិយាល័យភូមិបាលស្រុកដងទង់ អភិបាលស្រុកដងទង់ ប្រធានការិយាល័យភូមិបាលស្រុកដងទង់ និងមន្ត្រីមួយចំនួនទៀត បានឃុបឃិបគ្នាជាមួយក្រុមហ៊ុន សេង សម្បត្តិ និងឈ្មួញមួយចំនួនពាក់ព័ន្ធអំពើពុករលួយ។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានដាក់ប្តឹង មន្ត្រីដែលពាក់ព័ន្ធនៅក្នុងខេត្តកំពត ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីឲ្យធ្វើការស៊ើបអង្កេត លើករណីទីតាំងដីមួយកន្លែង ដែលមានទំហំសរុបជាង១២ហិកតា ក្នុងនោះរួមមាន ដីចំណីអាងប្រជាពលរដ្ឋអាស្រ័យផល ផ្ទៃអាងទឹក និងដីប្រជាពលរដ្ឋអាស្រ័យផល នៅតាមបណ្តោយផ្លូវលេខ១៣៥ ត្រូវបានក្រុមហ៊ុនលោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាងគគ្រឹកគគ្រេង តែអាជ្ញាធរមូលដ្ឋាន មិនមានចំណាត់ការនោះទេ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុនសេងសម្បត្តិ ចំនួន ៥ម៉ឺនដុល្លារ និងមានលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភ ពីលោកសេង សម្បត្តិ ផងដែរ។ លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោកវិត វឌ្ឍនា មិនបានធ្វើការស៊ើបអង្កេតច្បាស់លាស់ ដែលបណ្តាលឲ្យមានអំពើឃុបឃិតគ្នា ជាប្រព័ន្ធ និងមានការតវ៉ា ពីសំណាក់ប្រជាពលរដ្ឋ។
លោកសេង សម្បត្តិ និងអភិបាលស្រុកដងទង់ លោកស៊ីវ ផេង បានប្រព្រឹត្តអំពើពុករលួយ ឃុបឃិតសូមប៉ាន់ ប្រើអំណាចចេញលិខិតដកហូតដី ពីប្រជាពលរដ្ឋប្រគល់ឲ្យលោកសេង សម្បត្តិ , ចាន់ស្រីឡែន និង សុខ ហ្គិច។

យោងតាមឯកសារដែលទទួលបាន បានបង្ហាញឲ្យឃើញថា ឈ្មួញអាចធ្វើទៅបានដោយសារអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញជាអ្នកបើកភ្លើងខៀវ ឲ្យក្រុមហ៊ុន និងទប់ទល់ប្រជាពលរដ្ឋណា ដែលតវ៉ាលើដីរបស់ខ្លួននេះ បើនិយាយជារួម តែបើនិយាយដាច់ដោយឡែក លោក សេង សម្បត្តិ មានសិទ្ធិពេញទីរហូតបញ្ជាឲ្យលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ និងជំនាញធ្វើតាមការចង់បានរបស់ខ្លួនទៀតផង។ ដំបូងឡើយឲ្យលោក ណែម សារឿន ជាអ្នកទៅលួងលោមបញ្ចុះបញ្ចូលលោក តិល រិន មេភូមិសុភី ឈរឈ្មោះជាតំណាងប្រមូលគៀរគរ ដាក់ឈ្មោះប្រជាពលរដ្ឋលក់ដីឲ្យខ្លួនបានចំនួន ២០គ្រួសារ នៅអំឡុងចុងខែធ្នូ ឆ្នំា២០២០ ។

លោក តិល រិន ដដែលក៏បានបញ្ជាក់ថា លោកឈរឈ្មោះជាតំណាងលក់ដី ឲ្យលោកណែម សារឿន តែ២០គ្រួសារប៉ុណ្ណោះ ដែលមានដីអាស្រ័យផល នៅចំណីអាងទឹកដងទង់ ដោយឡែកដីបម្រុងរដ្ឋ ដីអាងទឹកគាត់មិនធានាអះអាងទេ គឺទុកឲ្យរដ្ឋជាអ្នកចាត់ចែង តែក្រោយមកក៏មានឈ្មោះ លោកជាតំណាងលក់ដីរហូតដល់ ៣០គ្រួសារ ទៅវិញ ដែលម្ចាស់សាមី មិនបានដឹងខ្លួនសោះឡើយ។

យោងតាមប្រភពបទសម្ភាសន៍ខាងលើនេះ សមត្រូវគ្នាជាមួយពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងចុះបញ្ជីក្បាលដីលេខ ៨២៥ ទំហំ ១២៩ ០៧១ម៉េត្រក្រឡា ចុះថ្ងៃទី១៣ មករា ឆ្នាំ២០២១ របស់លោក តិល រិន មេភូមិសុភី ពិតប្រាកដមែន ក្នុងនោះដែរឃើញថា ជំនាញផ្សេងៗខំដុតដៃដុតជើង ចាត់ចែងតាមជំនាញរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានចេញលិខិតលេខ ០៥១/២១ ស.ជ.ណ ជូនលោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សុរិយោដី និង សំណង់ ខេត្តកំពត ចាត់ការបន្ត និង ចេញប្លង់ជូនប្រជាពលរដ្ឋចំនួន ៣០គ្រួសារតាមការស្នើសុំ ក្រោមរូបភាពយកឈ្មោះប្រជាពលរដ្ឋ ជាខែលស្នើសុំកាន់កាប់ដីត្រឹម ២០គ្រួសារ តែឯកសារបញ្ជូនឡើង ទៅលើមានដល់ ៣០គ្រួសារ ដែលឈ្មួញនិងមន្ត្រីជំនាញមួយចំនួន ធ្វើមិនដឹងហើយឆ្លើយយល់ព្រមថា គ្មានប៉ះពាល់ គ្មានទំនាស់អ្វីនោះទេ តែធាតុពិតប្រជាពលរដ្ឋប្តឹងតវ៉ាជាច្រើនដង ទៅលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ តែមិនមានដំណោះស្រាយសោះ ។

យោងតាមប្រជាពលរដ្ឋ ដែលមានដីអាស្រ័យ ជាប់ផ្លូវលេខ១៣៥ ស្ថិតក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងឯកសារនានា បានបញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា មន្រ្តីមូលដ្ឋាន ដែលពាក់ព័ន្ធជាមួយភាពមិនប្រក្រតីនេះ ត្រូវគេសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ ជាមួយប្រាក់សំណូកដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសម្រួលការងារ រួមមាន ៖
១-កែវ គឹម មេភូមិស្រែជាខាងជើង ជាអ្នកបោះត្រាបំពេញផ្លូវច្បាប់គ្រប់ឯកសារ ដែលលោក សេង សម្បត្តិ ត្រូវការ ។ គឺលោក កែវ គឹម មិនដែលបដិសេធនោះទេ ។

២-លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ ទទួលលុយសំណូកដ៏ច្រើនម៉ឺនដុល្លារ ជាថ្នូរនឹងការហាមឃាត់ប្រជាពលរដ្ឋ និង អោយប្រជាពលរដ្ឋរុះរើសំណង់នានា តាមការបញ្ជាពីក្រុមហ៊ុន ជាពិសេសក្រោយទទួលលុយសំណូកពី លោក សេង សម្បត្តិ រួចហើយបានធានាអះអាងចេញ លិខិតដកហូតដីពីប្រជាពលរដ្ឋអាស្រ័យផល នៅតាមបណ្តោយផ្លូវលេខ ១៣៥ មកធ្វើជាសួនច្បារលំអគម្រោងបុរីលោក សេង សម្បត្តិ ទៀតផង ។ មិនតែប៉ុណ្ណោះលោក ស៊ីវ ផេង តែម្នាក់គត់ដែលហ៊ានចេញលិខិត​អនុញ្ញាត ឲ្យចាក់ដីលុបលើផ្ទៃដីទំហំជាង១២ហិកតា ដែលមិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយ និងចាក់ដីចូលផ្ទៃអាងទឹកដងទង់ ទំហំជាង៤ហិកតាផងដែរ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ នាពេលកន្លងទៅ។

ការចេញលិខិតអនុញ្ញាតរបស់លោក ស៊ីវ ផេង នេះ ជាសកម្មភាពល្មើសនឹងថ្នាក់លើរបស់ខ្លួន ព្រោះត្រឹមតែជាអភិបាលស្រុក គ្មានសិទ្ធិអនុញ្ញាតឲ្យចាក់ដីបំពេញដល់ទំហំ១២ហិកតានោះទេ
ហើយដីនេះទៀតសោត ក៏មិនទាន់មានប្លង់កម្មសិទ្ធិនៅឡើយទេដែរ ជាពិសេសផ្ទុយទៅនឹងអនុក្រឹត្យលេខ៩៨ អនក្រ.បក ស្តីពីការគ្រប់គ្រងអាង ទន្លេ ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន ទៀតផង។

៣-លោក ងន លាង ប្រធានការិយាល័យភូមិបាលស្រុកដងទង់ ល្មើសនឹងតួនាទីរបស់ខ្លួន ធ្វើការដោយមិនទទួលខុសត្រូវ ធ្វើរបាយការណ៍តាមតែបញ្ជារបស់លោក សេង សម្បត្តិ និងលោក ស៊ីវ ផេង ដោយមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយលោកជាអ្នកបោះត្រា ទទួលស្គាល់ការវាស់វែង របស់មន្ត្រីវាស់វែងលោក ឈឺម តារាវុធ ធ្វើប្លង់ជូនដល់ សុខ ហ្គិច និង ចាន់ ស្រីឡែន ដោយបំពានលើដីប្រជាពលរដ្ឋ សល់ពីកាត់ចំណីផ្លូវចំនួន ១០គ្រួសារ មិនទទួលស្គាល់ដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋមូលដ្ឋាន តែទទួលវាស់អាងទឹកធ្វើប្លង់ឲ្យសុខ ហ្គិច និង ចាន់ ស្រីឡែន មានអាសយដ្ឋាននៅសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទៅវិញ។

៤-លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មិនបានហាមឃាត់ ឬរក្សាទុកទីតាំងស្ថានីយ៍ វាស់កម្ពស់ទឹកភ្លៀង ដែលមានស្រាប់នៅទីនោះទេ បណ្តោយឲ្យក្រុមហ៊ុនឈូសឆាយ
ចាក់ដីរំលោភយកដោយមិនមានច្បាប់អនុញ្ញាត ក្នុងនាមមន្ត្រីចេះច្បាប់ ដែលមានតួនាទីផ្តល់ដោយក្រសួងធនធានទឹក និងឧតុនិយម គួរតែមើលលិខិតអនុញ្ញាតចាក់ដី ឬមានប្រតិកម្មហាមឃាត់ តែបែរជាបណ្តោយឲ្យឈ្មួញមានអំណាចជាងខ្លួន ធ្វើអ្វីស្រេចតែអំពើចិត្តទៅវិញ។

៥- លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្ត មិនផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដល់ថ្នាក់លើ ធ្វើឲ្យបាត់បង់ទិន្នន័យ និងឈ្មោះរបស់ម្ចាស់ដីពិតប្រាកដ ជាពិសេសនៅពេលសាកសួរព័ត៌មាន ពាក់ព័ន្ធទីតាំងខាងលើ កាលពីអំឡុងខែមីនា ឆ្នាំ២០២១ កន្លងទៅ ដោយលោកឆ្លើយថាមិនបានដឹងរឿងនោះទេ ឲ្យទៅសួរស្រុកទៅ ទាំងដែលរូបលោកផ្ទាល់ ទទួលលិខិតបង្គាប់ការលេខ០០២/២១ ល.ប.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់លោក ជាវ តាយ ជាអភិខេត្តកំពត ដែលក្នុងនាមលោកជាអនុប្រធានទៀតផងនោះ ដើម្បីចុះពិនិត្យទីតាំង និងសិក្សាស្វែងយល់ ក្នុងការចេញព័ត៌មានដី សម្រាប់ធ្វើប្លង់ជូនប្រជាពលរដ្ឋ ៣០គ្រួសារ តាមការស្នើសុំរបស់លោក តិល រិន មេភូមិសុភី។

តាមប្រភពមានព័ត៌មានដ៏ច្បាស់ការ បានបែកធ្លាយមួយបានខ្សឹបឲ្យដឹងថា មូលហេតុដែលលោក វិត វឌ្ឍនា ធ្វើការងាររំលងច្រក មិនឆ្លើយឆ្លងព័ត៌មាន ដោយសារលោកបានទទួល លុយសំណូកមួយចំនួនធំពីលោក សេង សម្បត្តិ ផងដែរ។
ប្រភពដដែលបន្តថា ខ្លួនហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់បើសិនលោក វិត វឌ្ឃនា ហ៊ានចេញមុខតទល់បញ្ជាក់ ភាពស្អាតស្អំរបស់ខ្លួនពិតមែន។

៦- លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី ធ្វើការដោយធ្វេសប្រហែស មិនច្បាស់លាស់ ក្នុងនាមជាប្រធានដឹកនាំក្រុមការងារ ធ្វើការមិនបានល្អធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខ
បាត់បង់ទិន្នន័យដីប្រជាពលរដ្ឋ ១០គ្រួសារ នេះបើយោងតាមកិច្ចសន្យាលក់ផ្តាច់នានា ដែលលក់ដោយលោក តិល រិន មេភូមិសុភី និងតាមបោះត្រាដោយលោក កែវ គឹម មេឃុំស្រែជាខាងជើង រួមមាន ៖
កិច្ចសន្យាលក់ផ្តាច់ លេខ៩៧១២ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លក់ឲ្យឈ្មោះ ចាន់ ស្រីឡែន ។
កិច្ចសន្យាលក់ផ្តាច់លេខ១០០១២ ចុះថ្ងទី១៩ ខែមីនា ឆ្នាំ២០២១ លក់ឲ្យឈ្មោះ សុខ ហ្គិច ។
កិច្ចសន្យាលក់ផ្តាច់លេខ៩៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លក់ឲ្យឈ្មោះ សេង សម្បត្តិ ។

ប្រជាពលរដ្ឋ១០គ្រួសារ ក្នុងនោះមាន៤គ្រួសារ សុខចិត្តចាញ់ការគៀបសង្កត់ ហើយទទួលយកសំណងខុសហាងឆេង ទាំងដែលដីរបស់ខ្លួនសោះ បែរជាគេវាស់ គេលក់តាមអំពើចិត្ត រត់រកអាជ្ញាធរមូលដ្ឋាន គេមិនអើរពើថែមទាំងត្រូវបានលោក ស៊ីវ ផេង ចេញលិខិតហាមឃាត់ជាច្រើនដង និងមានគម្រោងចេញលិខិត យកទីតាំងដីរបស់ពួកគាត់ ធ្វើជាសួនច្បារសាធារណៈក្នុងករណីខាងលើ ប្រជាពលរដ្ឋ ស្នើសុំឲ្យលោក ជាវ តាយ អភិបាលខេត្តកំពត មេត្តាចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹង លើមន្ត្រីក្រោមបង្គាប់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ និងដើម្បីរក្សាឱ្យបាននូវអាងទឹកដងទង់ សម្រាប់ជាប្រយោជន៍រួមឲ្យនៅដដែលផង ។ ព្រោះអាងស្តុកទឹកនេះ ផ្តល់សារប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងមូល ហើយតម្លៃរបស់ប្រយោជន៍រួមនេះ វាធំធេងជាងប្រយោជន៍បុគ្គល របស់លោក សេង សម្បត្តិ ទៅទៀត។

គួរបញ្ជាក់ថា អាងទឹងស្រុកដងទង់កកើតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៦ ដោយឆ្លងកាត់អភិបាលស្រុក៧នាក់ រួមមាន ១. ហៃ សូន ២. តា ស្មាន់ ៣. ខែម ប៉ាន់ ៤. ម៉ុក កែន ៥.ខឹម ហម ៦. មួង ឈុត ៧ ស៊ីវ ផេង ហើយទំនប់អាងទឹកដងទង់ ត្រូវបានលោក ហៃ សូន ជាអ្នកដឹកនាំកសាងសម្រាប់ជាប្រយោជន៍សាធារណៈ ដោយលោកស្រី ជុំ សារឹម អភិបាលរងស្រុកសម័យនោះ បានបញ្ជាក់ថា ទីតាំងនោះជាតំបន់សមូហភាព និងលោកស្រីមិនគាំទ្រឲ្យមានការចាក់ដីលុបនោះទេ។
ប្រជាពលរដ្ឋដែលប្រឈមនិងការបាត់បង់ដី ដោយមិនមានសំណងចំនួន ៦គ្រួសារ កំពុងបានដាក់ពាក្យទៅសាលាខេត្តផងដែរ និងត្រូវបានកោះហៅតែ៥នាក់ប៉ុណ្ណោះ លើសពីនេះទៀត ប្រជាពលរដ្ឋគ្រោង នឹងដាក់ពាក្យបណ្តឹងទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ទាក់ទងករណីនេះ លោកវិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានថ្លែងថា “ចាំសួរយោបល់ទៅស្រុកវិញ ចង់ដឹងច្បាស់ ចុះទៅស្រាវជ្រាវផ្ទាល់ បានដឹងសារបាននៃរឿងនឹង ខ្ញុំមិនទៅឆ្លើយឆ្លងអីជាមួយគាត់ទេ គេចង់ជួយសម្រួលឲ្យបានផលប្រយោជន៍ទៅគាត់ (ប្រជាជន) តាមការពិតគាត់អត់មានដីនៅនឹងទេ”។

ចំណែកលោកប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។
រីឯលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ មិនអាចសុំការអត្ថាធិប្បាយយបានដែរ ដោយទូរស័ព្ទមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

×