Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតឥណ្ឌាប្រចាំនៅកម្ពុជា មិនអស់ចិត្តចំពោះការរកឃើញ វីរុសកូវីដ-១៩ នៅលើសាច់ក្របី

ភ្នំពេញ ៖ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើ សាច់ក្របី ដែលនាំចូលពី ប្រទេសឥណ្ឌាមកប្រទេសកម្ពុជា និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។ នេះបើតាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា ស្ថានទូតឥណ្ឌាបានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀតសាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ។

សាច់ក្របីក្លាស្សេចំនួនពីរកុងតឺន័រដែលនាំចូលមក ពីប្រទេសឥណ្ឌាត្រូវបានគយ និងរដ្ឋាករកម្ពុជា ត្រួតពិនិត្យនិងរកឃើញមាន ផ្ទុកមេរោគកូវីដ១៩។
ចំណែកក្រសួងសុខាភិបាល ប្រកាសថា សាច់ក្របីបង្កកពីរកុងតឺន័រ ក្នុងចំណោមប្រាំកុងតឺន័រត្រូវបានរកឃើញមេរោគនេះ។
តាមគម្រោងសាច់ក្របីនេះ នឹងយកទៅដុតបំផ្លាញចោល នៅក្នុងខេត្តកំពង់ស្ពឺ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី២៧ខែកក្កដានេះថា សាច់ក្របីក្លាស្សេចំនួនពីរកុងតឺន័រ នឹងត្រូវនាំយកមកដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។ លោកបានបញ្ជាក់ថា ចំពោះទីតាំងដែលត្រូវដុតបំផ្លាញសាច់ក្របីចោលនោះ គឺនៅទីតាំងដែលបូជាសព អ្នកដែលស្លាប់ដោយជំងឺកូវីដ-១៩។
តាមរយៈសារជាសំឡេងកាលពីយប់ថ្ងៃទី២៦ ខែកក្កដា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ ក្របី ត្រូវ ប្រុងប្រយ័ត្ន ហើយ សួរនាំឲ្យបានច្បាស់លាស់ ពី ប្រភពនៃសាច់ទាំងនោះ ព្រោះខ្លាច ទិញប៉ះ ចំសាច់ ក្លាស្សេ ដែល នាំចូលពីឥណ្ឌាមានផ្ទុកមេរោគកូវីដ១៩ ដូចអ្វីដែល មន្ត្រីគយចាប់បាននៅពេលនេះ ។

យោងតាមលិខិតរបស់លោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានជម្រាបទៅប្រធានក្រុមហ៊ុន អើស្ការី ម៉ិនវសម៉ិន & ខនស្ត្រាក់សិន ឯ.ក ស្តីពីករណីលទ្ធផលវិជ្ជមាននៃវីរុស SARS-Cov-2 លើផលិតផលសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួនពីរកុងតីន័រ ដែលកំពុងស្ថិតនៅទីលានផែស្ងួតត្រីកួដ ដោយផត។

លោកគុណ ញឹម បានជម្រាបទៅប្រធានក្រុមហ៊ុនថា អនុលោមតាមប្រការ២ នៃ ប្រកាសលេខ ៣០៤ សហវ .ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចមាន ភារកិច្ចចាត់វិធានការ កម្ទេចចោលសាច់បង្កក និងមុខទំនិញបង្កកផ្សេងទៀត ដែលបានរកឃើញថាមានវីរុសកូវីដ-១៩។ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងក្នុងនាមគណៈកម្មការចំពោះកិច្ចខ្ញុំស្មើ លោកប្រធានក្រុមហ៊ុនចូលរួម ជាមួយក្រុមការងារចម្រុះ ដើម្បីចាត់វិធានការកម្ទេចចោលសាច់ក្របីបង្កកផ្ទុកក្នុងកុងតឺន័រ ទាំងពីរទូ (MNBU0153955 & MNBU0064694) ដែលបានរកឃើញវិរុសក្ខីវិ៥-១៩ តាមនីតិវិធីជាធរមាន នាពេលដ៏ខ្លី ខាងទ្វេនេះ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសសម្រេចអនុញ្ញាត ឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ ក្រោយពីផ្អាកមួយរយៈ បន្ទាប់ពីមានករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ច្រើន នៅប្រទេសឥណ្ឌា។ ទោះជាមានការលើកលែងបម្រាមនេះ ក៏ដាក់ជំនួសមកវិញនូវវិធានការបណ្ដោះអាសន្នមួយចំនួនរួមមាន ៖ តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយ អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថាគ្មានវិរុសកូវីដ១៩ លើកសាច់បង្កក។ នៅពេលទំនិញមកដល់តម្រូវឱ្យធ្វើតេស្តសំណាករកវិរុសកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

សូមជម្រាបថា ប្រទេសកម្ពុជា បាននាំចូលសាច់ក្របីជាង ៩០០តោន ពីប្រទេសឥណ្ឌា នៅក្នុងរយៈពេល ៥ខែឆ្នាំ ២០២១នេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកដែលកំពុងមានសន្ទុះបរិភោគសាច់សត្វប្រភេទកើនឡើងជាលំដាប់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្មកាលពីថ្ងៃទី ១ខែឧសភានេះ បានសម្រេចផ្អាកការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ក្នុងនោះរួមទាំងសាច់ក្របីផង ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដោយចាត់ទុកថា មានហានិភ័យខ្ពស់ខណៈប្រទេសយក្សអាស៊ីខាងត្បូងមួយនេះ កំពុងញាំញីដោយការឆ្លងរាលដាល ដ៏គ្រោះថ្នាក់នៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី។ កាលពីឆ្នាំ ២០២០កន្លងទៅនេះកម្ពុជា បាននាំចូលសាច់ក្របីពីប្រទេសឥណ្ឌាប្រមាណ ១.៦៣០តោន មានតម្លៃ ១៧,៧លានដុល្លារ កើនឡើងពី ៦,៤លានដុល្លារ ធៀបនឹងឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×