ភ្នំពេញ ៖ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងក្រុមគ្រួសារ បានចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ។
ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានសរសេរសារអបអរសាទរ នៅលើហ្វេសប៊ុកថា “នាឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ។ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ”។
យោងតាមហ្វេសប៊ុកស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា។
គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ីដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ីតាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ីឬជនជាតិដទៃទៀត ដែលបាន ខិតខំលើកស្ទួយចំណងមិត្តភាពជាមួយប្រជាជននិងប្រទេសរុស្ស៉ី។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងទាក់ទងការទូត ជាមួយគ្នានៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ១៩៥៦។ ហើយឆ្នាំនេះជាខួបលើកទី៦៥ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ