ភ្នំពេញ ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រៀមសម្រាប់ការបើកសវនាការតាមគន្លងថ្មី។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខ អង្គជំនុំជម្រះតុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសាទុក្ខ របស់ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដែលរកឃើញលោកមានពិរុទ្ធភាព និងសម្រេចផ្តាន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
នេះបើតាមការបញ្ជាក់របស់លោកនេត ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
សូមជម្រាបថា បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ ខៀវ សំផន បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧។
ខៀវ សំផន ត្រូវចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅ លើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។
សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះ សាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។
លោលខៀវ សំផន ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវ តាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៖
• ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរ ឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
• ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៖ ការសម្លាប់រង្គាលក្រុមជនជាតិវៀតណាមនិងចាម។
• ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ៖ មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្មឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមាន របួសធ្ងន់ធ្ងរឬឲ្យមានការឈឺចាប់ដល់រូបរាងកាយឬសុខភាព ការដកហូតដោយចេតនា ពីឈ្លើយសឹកឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំងនិងការ និរទេសជនស៊ីវិលដោយខុសច្បាប់។
• អំពើមនុស្សឃាត ៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូច មានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦។
ខៀវ សំផន បានបដិសេធរាល់បទចោទប្រកាន់ទាំងអស់មកលើគាត់។
សូមរម្លឹកថា លោកខៀវ សំផន បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្យបន្ទាប់មកត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបប សង្គមរាស្រ្តនិយម។ ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែង ពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មី ជាមួយចលនាតស៊ូរបស់ខ្មែរក្រហម នៅដើមទសវត្សរ៍ឆ្នាំ១៩៧០។
នៅឆ្នាំ១៩៧៦ គាត់ត្រូវបានតែងតាំងជាប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជា ក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស៕ រក្សាសិទ្ធិដោយ៖ ចេស្តារ