Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាសទី១ ឆ្នាំនេះ ការផ្តល់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណជាង ៤ ពាន់លានដុល្លារ

spot_img

ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា វិស័យធនាគារ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញឱ្យវិស័យអចលនទ្រព្យមានកំណើន នៃ ការទិញលក់ ដោយសារអ្នកទិញលំនៅដ្ឋានបច្ចុប្បន្នភាគច្រើន ប្រើប្រាស់ឥណទានរបស់ធនាគារនានា ដើម្បីទិញលំនៅដ្ឋានផ្ទាល់ខ្លួន។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ការផ្តល់កម្ចីដល់អតិថិជន បានកើនឡើងជាង ១៩% ដែលស្មើនឹង ៣៣,៩ពាន់លានដុល្លារ ក្នុងនោះ ការផ្តល់កម្ចីទិញផ្ទះជាកម្មផ្ទាល់ខ្លួន មានប្រមាណ ១៣% ដែលស្មើនឹងប្រមាណ៤,៤៤ ពាន់លានដុល្លារ នៃឥណទានអតិថិជនសរុប។ នេះបើយោងតាមរបាយការប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ធនាគារជាតិ ដែលបានចេញផ្សាយកាលពីថ្មី ៗនេះ។

អ្នកជំនាញបានលើកឡើងថា វិស័យធនាគារ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ដោយសារអ្នកទិញលំនៅដ្ឋានបច្ចុប្បន្នភាគច្រើន បានប្រើប្រាស់ឥណទានរបស់ធនាគារ ក្នុងការទិញលំនៅដ្ឋានផ្ទាល់ខ្លួន។ ហើយអ្នកប្រើប្រាស់ឥណទានភាគច្រើន ជាប្រជាជនវ័យក្មេង ដែលទើបរៀបការ ដើម្បីទិញលំនៅឋានសម្រាប់រស់នៅ។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ជា ចាន់តូ បានឱ្យដឹងថា ស្ថានភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨% ភាគរយ ឥណទានអតិថិជនមានកំណើន២៣,៤ភាគរយ និងប្រាក់បញ្ញើអតិថិជនកើន២០,៧ភាគរយ។

គួរបញ្ជាក់ថា ប្រជាជនសរុបរបស់កម្ពុជា ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ១៦ ទៅ ១៩ លាននាក់ នៅចន្លោះពេលនេះ និងឆ្នាំ២០៣០ ហើយនៅទីក្រុងភ្នំពេញ និងតំបន់ទីប្រជុំជនផ្សេងទៀតពី ៤ ទៅ ៧ លាននាក់ ដែលលំនៅដ្ឋាន ៨០ម៉ឺន ខ្នង ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានតម្រូវការបន្ថែមទៅលើស្តុកលំនៅឋានបច្ចុប្បន្ន។ ការកើនឡើងចំនួនប្រជាជននាពេលអនាគត បានពង្រឹងវិសាលភាព នៃតម្រូវការសម្រាប់លំនៅដ្ឋាន៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×