Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ៖ ចិនបានរួមចំណែកយ៉ាងសកម្មក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដែលបង្កឡើងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ ដោយបានផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាយ៉ាងទៀងទាត់ និងទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលនឹងអាចឈានទៅចាក់ជូន ប្រជាពលរដ្ឋបានទូទាំងប្រទេស នាឆ្នាំ២០២២ ខាងមុខ។

tel

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលរៀបចំឡើងដោយផ្ទាល់នៅរដ្ឋធានីប៉េកាំង និងតាមអនឡាញនៅរាជធានីភ្នំពេញ នថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ ដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា នៅក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក សម្តេចបានលើកឡើងថា គោលនយោបាយ «វ៉ាក់សាំងពហុភាគីនិយម» មានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

លោកឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល៕ រក្សាសិទ្ធិដោយៈ ចេស្តារ