Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២១ វិស័យអចលនទ្រព្យ ធ្លាក់ចុះមែន តែជាឱកាសទិញទុក ក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពប្រសើរឡើងវិញ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់

ភ្នំពេញ ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ ថា បើទោះបីប្រទេសកម្ពុជា បានជួបប្រទះនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏វិស័យអចលនទ្រព្យកម្ពុជា សម្រាប់គម្រោងសាងសង់ធំៗមួយចំនួន នៅតែបន្តអភិវឌ្ឍន៍ធម្មតា។

លោកច្រឹក សុខនីម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ ថ្វីត្បិតវិស័យអចលនទ្រព្យនៅកម្ពុជា មានការធ្លាក់ចុះ តែក៏ជាឱកាសមួយដល់អ្នកវិនិយោគ ក្នុងការដើរទិញអចលនទ្រព្យទុក ព្រោះពេលនេះ គឺអាចទិញបានក្នុងតម្លៃធូរថ្លៃ ហើយបន្ទាប់ពីស្ថានភាពបានប្រសើរឡើងវិញនោះ នឹងអាចលក់ចេញក្នុងតម្លៃខ្ពស់ផង។

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា ៥ខែឆ្នាំ ២០២១នេះ គម្រោង ដែលទទួលបានការអនុញ្ញាតសាងសង់សរុបចំនួន ១៨២៣ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ២៧៨គម្រោង។ នៅក្នុងនោះគម្រោងសំណង់លំនៅឋានមានចំនួន ១៦០៧គម្រោង ស្មើនឹង ៨៧,៩ភាគរយ នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ ១៣៩គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងលំនៅឋាន ដែលបានអនុញ្ញាតសាងសង់គិតជាប្រាក់មានប្រមាណ ២៣៤៩លានដុល្លារ បានធ្លាក់ ៣២,៦ភាគរយ។

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១នេះ តម្លៃទុនវិនិយោគ លើគម្រោងអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បានធ្លាក់ចុះជាង ៣២% ដោយសារការអូសបន្លាយនៃការរាតត្បាតជំងឺកូវីដ១៩ ដែលបានបង្កឲ្យប៉ះពាល់ដល់ការធ្លាក់ចុះ នៃគម្រោងវិនិយោគអភិវឌ្ឍន៍លំនៅឋាន។

របាយការណ៍ បានឲ្យដឹងទៀតថា គម្រោងសំណង់ ដែលមិនទាន់បញ្ចប់ នៅតែបន្តសាងសង់ និងមានសកម្ម ភាពជាប្រក្រតី ទាំងគម្រោងសំណង់សាធារណៈ និងឯកជននានា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ចំនួន ១៦% ខណៈដែលគ្រាដូចគ្នានេះកាលពីឆ្នាំមុន បានធ្លាក់ចុះជាង ១៨%៕ រក្សាសិទ្ធិដោយ៖CEN

×