ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ ។ បើមានករណីបែបនេះ នឹងមានបញ្ហាប្រឈម ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។

ការព្រមានបែបនេះ របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើង ត្រូវតែរៀបចំនិងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះ ទទួលបានជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរនៃការចេញប័ណ្ណ ចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ ។ បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញ មិនយោគយល់ជាដាច់ខាត ។ ដូច្នេះលោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់បំផុត ចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាត ចំពោះការចេញប័ណ្ណជាថ្នូរ នៃការយកប្រាក់ជាដាច់ខាត អាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។

បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ ចំពោះវិធានការការពារជំងឺកូវីដ-១៩ ពិសេស វីរុសបំប្លែងថ្មី (ដែលតា ) ដែលបាននឹងកំពុងវាយលុកនៅពេញពិភពលោក ហើយកម្ពុជា ក៏ជាប្រទេសមួយ បាននឹងកំពុងប្រឈមនឹងវីរុសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងឲ្យបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់បានស្ម័គ្រចិត្ត ព្យាបាលនៅតាមផ្ទះ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ