ខេត្តកំពង់ធំ ៖ ករណីចាប់គ្រឿងចក្ររបស់ប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋរិះគន់ខ្លាំងៗថា វាមិនមែនជាសកម្មភាពអនុវត្តច្បាប់ត្រឹមត្រូវសមប្រកបតាមតួនាទីភារកិច្ចនោះទេ តែគឺជាទង្វើដើម្បីជំរិតទារប្រាក់ពីប្រជាពលរដ្ឋទើបសមជាង , ជាក់ស្ដែងប្រជាពលរដ្ឋជាច្រើននាក់ នៅតាមស្រុកមួយចំនួន ក្នុងទឹកដីខេត្តកំពង់ធំ បានរាយការណ៍មកថា មន្ត្រី-សមត្ថកិច្ចជំនាញមួយចំនួន តែងតែយកលេសបង្ក្រាបបទល្មើសនានា ដោយចោទថាប្រជាពលរដ្ឋទាំងនោះទៅឈូសឆាយ ដីព្រៃរបស់រដ្ឋ ឬព្រៃលិចទឹក ហើយចាប់ត្រាក់ទ័ររបស់ពួកគាត់ ដើម្បីទារប្រាក់ពីពួកគាត់ដល់ទៅខ្ទង់ម៉ឺនដុល្លារទៅវិញ, ការជំរិតទារប្រាក់ខ្ទង់ម៉ឺនដុល្លារនេះ ដើម្បីជាថ្នូរនឹងការដោះលែងគ្រឿងចក្រត្រឡប់ទៅវិញ។

ការជំរុតទារលុយច្រើនហួសប្រមាណ ដែលជាហេតុបង្កការរិះគន់យ៉ាងខ្លាំងៗ ទៅលើមន្ត្រីអសកម្មទាំងនោះ មិនទាន់មានសមត្ថកិច្ចថ្នាក់លើណាចុះស្រាវជ្រាវ ដើម្បីលាងជំរះដុះក្អែលឲ្យពួកអ្នកទាំងនោះនៅឡើយទេ ដោយទុកឲ្យប្រជាពលរដ្ឋរងគ្រោះ រងកម្មពីការជំរិតទារលុយនេះ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រុមមន្ត្រីអសកម្មទាំងនោះ រួមមានកម្លាំងអាវុធហត្ថ នគរបាល ជលផល មេព្រៃ ។ល។ បានចុះទៅដល់កន្លែង ដែលប្រជាពលរដ្ឋឈូសឆាយ ហើយដំបូងឡើយ គឺជំរិតទារប្រាក់នៅនឹងកន្លែង , មានន័យថា ចុះទៅឃាត់គ្រឿងចក្រពេលកំពុងឈូសឆាយ គឺពេលនោះហើយ ដែលពួកគេនិយាយពីរឿងដោះដូរលុយកាក់ខ្ទង់ម៉ឺនដុល្លារ , បើជំរិតទារលុយនៅនឹងកន្លែងមិនបានសម្រេចយ៉ាងណានោះ ពួកគេក៏នឹងបញ្ជាឱ្យយកគ្រឿងចក្រទាំងនោះ យកទៅរក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថស្រុក ឬទីស្នាក់ការព្រៃឈើ ឬប៉ុស្តិ៍រដ្ឋបាល ជាដើម រួចហើយបន្តការជម្រិតទារប្រាក់ ពីប្រជាពលរដ្ឋម្ចាស់គ្រឿងចក្របន្ថែមទៀត ប៉ុន្តែក្នុងចំនួនឡើងខ្ពស់ជាងជំហានទី១ គឺអាចឈានដល់ជាម៉ឺនដុល្លារក្រាស់។
ប្រជាពលរដ្ឋបានបង្ហាញពីពុតត្បុតទុច្ចចរិត របស់ក្រុមមន្ត្រីអសកម្មទាំងនោះទៀតថា ប្រសិនបើជំហានទី២ នៅតែមិនបានសម្រេច , ឬមិនធ្លាក់លុយទៀតទៀត ពួកគេក៏យកច្បាប់មកប្រើវិញម្ដង ដោយបញ្ជូនសំណុំរឿងឡើងទៅព្រះរាជអាជ្ញា ដើម្បីអនុវត្តនីតិវិធី ជាមួយស្ថាប័នតុលាការវិញម្ដង ហើយប្រាក់ដែលប្រជាពលរដ្ឋ ត្រូវលះបង់នោះ គឺក្នុងចំនួនច្រើនសឹងតែខ្សោះឈាមអស់ពីខ្លួន ព្រោះតែពួកគេចេះតែដំឡើងច្រើនច្រើនទៅៗ ដើម្បីបែងចែកគ្នារបស់ពួកគេជាច្រើនទៀត។

ចំពោះយន្តការ នៃការចរចារឿងបង់ប្រាក់វិញនោះ គឺគេឱ្យបុគ្គលផ្សេងទៀត មកចរចាជាមួយប្រជាពលរដ្ឋ។ នេះគ្រាន់តែជាក្បួនត្រួសៗ អំពីរៀបការងារសម័យថ្មី របស់ក្រុមមន្ត្រីអសកម្មទាំងនោះ។ ប្រជាពលរដ្ឋដែលជួបនូវទុក្ខសោកដោយ សារតែរឿងនេះ គឺមិនតិចនោះឡើយនៅក្នុងខេត្តកំពង់ធំ ឬនិយាយឱ្យចំទៅចុះ គឺច្រើនកើតមាននៅស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ ជាដើម។

ជាក់ស្ដែងមួយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក៏ធ្លាប់មានករណីមេឃុំដូង ស្រុកប្រាសាទបល្ល័ង្ក រាយការណ៍អំពីកម្លាំងមេព្រៃ មន្ត្រីអាវុធហត្ថ និងអ្នកកាសែត ចុះចាប់ត្រាក់ទ័រពីរគ្រឿងរបស់ប្រជាពលរដ្ឋ ដែលបានឈូសឆាយដីស្រែរបស់ខ្លួន នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ដោយពួកគេតម្រូវឱ្យបង់ប្រាក់លោះយកត្រាក់ទ័រចំនួន ៨,០០០ដុល្លារ។
ដោយឡែក នៅស្រុកស្ទោងវិញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក៏មានហេតុការណ៍នេះកើតឡើងផងដែរ ដោយមានក្រុមមន្រ្តីជលផលមួយក្រុម ចុះទៅចាប់ត្រាក់ទ័របស់ប្រជាពលរដ្ឋដោយអះអាងថា ប្រជាពលរដ្ឋទាំងនេះបានឈូសឆាយដីសហគមន៍ ហើយបានជំរិតទារប្រាក់រហូតដល់១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងវិញ។

ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ថា ប្រសិនបើមានរូបភាព ប្រជាពលរដ្ឋគ្រួសារណាមួយ ក្រុមណាមួយ ឈូសឆាយដីព្រៃរបស់រដ្ឋ ដីព្រៃសហគមន៍ ដីព្រៃដែនជម្រកសត្វព្រៃ ដីព្រៃធម្មជាតិ សូមមេត្តាសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចុះ កុំលេងរូបភាពប្រព្រឹត្តអំពើពុករលួយ យកច្បាប់មកទ្រាប់អង្គុយស៊ីឆៅ ធ្វើបាបប្រជាពលរដ្ឋបែបនេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

