Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិម្នាក់ ដាក់គុក ១៨ ខែ ពាក់ព័ន្ធបទល្មើស ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្តដា ២០២១ បានបើកសវនាការ ប្រកាសសាលក្រម លើសំណុំរឿងក្តី របស់ជនជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រី នៃអតីតគណបក្ស សង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ដើម្បីសុំអោយតុលាការ ដោះលែងលោករ៉ុង ឈុន ពីពន្ធនាគារ កាលពីធ្វើឆ្នាំមុន និង ការធ្វើបទសម្ភាសន៍ ជាមួយក្រុមអ្នកកាសែត និយាយរិះគន់ មិនសំចៃមាត់ អំពីបញ្ហាព្រំដែនកម្ពុជា និង វៀតណាម ដែលមានចេតនាធ្វើឱ្យមហាជន អាចមានការភាន់ច្រឡំ ឬ យល់ខុសទៅនឹង ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា។

លោកចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន០៣ លានរៀល ដាក់ចូលថវិកាជាតិ។

លោកហុក ពៅ ជាចៅក្រមជំនុំជំរះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងសវនាការថា ជនជាប់មានឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងជាអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ។

លោកចៅក្រមបានបញ្ចាក់ថា ជនជាប់ចោទ ត្រូវបានជាប់ចោទ ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមបញ្ញត្តិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០។

នាពេលសវនាការ កាលពីថ្ងៃទី ១៦ ខែ កក្កដា ជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានឆ្លើយបដិសេធ ចំពោះបទចោទប្រកាន់លើរូបលោកខាងលើ។

ទោះបីជាយ៉ាងណាក្តី,, ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានទទួលស្គាល់ថា នៅថ្ងៃដែលលោកចូលរួមធ្វើបាតុកម្មនោះ, គឺមានក្រុមអ្នកកាសែតបានសម្ភាសន៍ និង សាកសួរគាត់ ជុំវិញបញ្ហាព្រំដែនកម្ពុជានិងវៀតណាម និងការធ្វើបាតុកម្ម ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុងឈុន។

គាត់និយាយថា ពេលនោះ គាត់ក៏បានផ្តល់បទសម្ភាសន៍ និងនិយាយរិះគន់ខ្លះៗជុំវិញ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះ កិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។

ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បាននិយាយថា តែការនិយាយរបស់លោកនោះ គឺ ជាបញ្ចេញមតិ និងជាការសម្តែង អំពីកង្វល់ផ្ទាល់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលឈឺឆ្អាលចំពោះសង្គមជាតិ និង ប្រទេសជាតិរបស់ខ្លួន តែប៉ុណ្ណោះ។
លោកគ្មានចេតនានិយាយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ឬញុះញង់អោយប្រជាពលរដ្ឋ ប្រឆាំងនឹងអាជ្ញាធរជាតិ ឬរាជរដ្ឋាភិបាលនោះឡើយ។

ឈ្មោះ ប៉ែន ច័ន្ទសង្គ្រាម បាននិយាយថា ចំពោះករណីលោកនេះ,,ប្រសិនបើ លោកចៅក្រមជំនុំជម្រះ រកឃើញថា គាត់មានកំហុស ឬ ពិរុទ្ធភាពមែននោះ,,,សូមលោកចៅក្រម មេត្តាកាត់ទោសគាត់ តែ ១០ ខែ នៅក្នុងពន្ធនាគារ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល (ប្រមាណ៥០០ ដុល្លារអាមេរិក) បានហើយ។

លោកសំ សុគង់ ជាមេធាវីការពារក្តីឲ្យជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទសង្គ្រាម បានថ្លែងថា ការសម្ភាសន៍របស់កូនក្តី ជាមួយក្រុមអ្នកកាសែត និងការនិយាយរបស់គាត់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជានិង វៀតណាម នៅក្នុងអង្គហេតុនេះ,,, គឺជាការបញ្ចេញមតិ ឬ សិទ្ធិសេរីភាពរបស់កូនក្តី ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ ដែលត្រូវបានការពារ និងធានាដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ

ទោះយ៉ាងណាក្តី, លោកមេធាវីសំ សុគង់ សូមឲ្យលោកចៅក្រមជំនុំជម្រះ មេត្តាសម្រេចទៅតាមការស្នើសុំរបស់កូនក្តីផង៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×