ភ្នំពេញ ៖ តុលាការកំពូលកាលពីថ្ងៃ២៨ ខែ កក្កដា ឆ្នាំ ២០២១ បានប្រកាសសាលដីកាកំបាំងមុខ លើបណ្តឹងសារទុក្ខរបស់ យុវជនជាប់ចោទម្នាក់ ដែលរងការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈក្មេងស្រីម្នាក់ អាយុ១៦ ឆ្នាំ ដែលត្រូវជាគូរស្នេហានឹងគ្នា ប្រព្រឹត្ត នៅខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ ២០១១។
តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះកាលបរិច្ឆេទ ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ រក្សាទុកជាបានការ ដដែល និង ប្រកាសបិទផ្លូវតវ៉ា។
យោងតាមដីកាបង្គាប់ឲ្យហៅជនជាប់ចោទចូលខ្លួន ក្នុងសវនាការរបស់តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឈន ឈឹម ហៅ វៀច ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិកំប៉េះ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចំណែកឯ ជនរងគ្រោះ ឡោម សៅដា ភេទ ស្រី អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល។
នៅក្នុងសំណរឿងក្តីនេះ, ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាត់ទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ និង បង្គាប់ឱ្យសងជម្ងឺ ចំនួន ១២ លានរៀល ទៅម្តាយរបស់ជនរងគ្រោះ ដែលជាភាគីដើមចោទ ក្រោមការចោទប្រកាន់ពីបទ ” រំលោភសេពសន្ថវៈមានស្ថានទម្ងន់” មាត្រា ២៤១ នៃ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ជនជាប់ចោទ បានប្តឹងខ្ទាស់ទៅសាលាឧទ្ធរណ៍តែសាលាឧទ្ធរណ៍ បានបន្ធូរបន្ថយទោស ជនជាប់ចោទ ពី ១០ ឆ្នាំ មកនៅសល់ ០៥ ឆ្នាំ តែបង្កើនថ្លៃជម្ងឺចិត្ត ពី ១២ លានរៀល ទៅ ២០ លានរៀល ដោយដូរបទចោទប្រកាន់ពីបទ ” រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ” មកជា “រំលោភសេពសន្ថវៈ ” ធម្មតា មាត្រា ២៣៩។
ជនជាប់ចោទ ត្រូវបានចាប់ខ្លួន កាពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១១៕
រក្សាសិទ្ធិដោយ: ចន្ទា ភា