ភ្នំពេញ ៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ យុវជនកម្ពុជាដែលស្រឡាញ់ K-POP។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងដឹកនាំកម្មវិធី ពី k’ve Entertainment។ ដើម្បីគោរពតាមវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ នៅកម្ពុជា កម្មវិធីនេះត្រូវបានដំណើរការ តាមប្រព័ន្ធអនឡាញ។

នៅក្នុងសន្ទរកថា អបអរសាទររបស់លោក ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានថ្លែងលើកទឹកចិត្តថា «ខ្ញុំសូមអរគុណដល់ គណៈកម្មការវាយតម្លៃ ការប្រកួតកម្មវិធី K-POP K’ve Entertainment និងយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងផ្តោតការយកចិត្តទុកដាក់ ចំពោះកម្មវិធី K-POP ហើយបានត្រៀមខ្លួន យ៉ាងស្វាហាប់ បើទោះបីជាមានស្ថានភាពលំបាក ដោយសារជំងឺកូវីដ-១៩ក៏ដោយ» ហើយគាត់ក៏បាន លើកឡើងទៀតថា «កម្មវិធី K-POPនេះ ក៏ជាបណ្តាញដ៏រឹងមាំក្នុងការ ផ្សារភ្ជាប់ទំនាក់ទំនងរវាង យុវជនកូរ៉េ និងយុវជនកម្ពុជា ដែលមានការយល់ដឹង និងចេះរីករាយជាមួយនឹងសម្រស់ សិល្បៈ។
កម្មវិធី K-POPលើកនេះ មាន ចំនួន ៤៥ក្រុមបានដាក់ពាក្យចូលរួមការប្រកួតប្រជែង ហើយក្រុមជ័យលាភីចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ ត្រូវបានជ្រើសរើសតាមរយៈ ការវិនិច្ឆ័យដោយយុត្តិធម៌។ នៅក្នុងកម្មវិធីនេះ ត្រូវបានផ្តល់ជូនសម្រាប់ចំណាត់ ថ្នាក់លេខ ១ នូវទឹកប្រាក់ចំនួន ១,០០០ដុល្លារ លេខ ២ ចំនួន ៥០០ដុល្លារ និងលេខ ៣ ចំនួន ៣០០ដុល្លារ។ លើសពីនេះទៀត រង្វាន់ដូចជា អាល់ប៊ុម K-POP ឈុតម៉ាសបិតមុខ និងសាប៊ូកក់សក់ ត្រូវបានផ្តល់ជូនអ្នកចូលរួមផងដែរ។

នៅក្នុងការប្រកួត K-POP ឆ្នាំនេះ ក្រុមដែលទទួលបានជ័យលាភីកិត្តិយស ក្រុមរាំចម្រុះ ដែលមានសមាជិក ១១នាក់ គឺក្រុមរាំ Dinest។ ក្រុមរាំ Dinest បានបង្ហាញពីក្តីស្រឡាញ់ របស់ពួកគេចំពោះ K-POP ដោយនិយាយថា «ចាប់តាំងពីខ្ញុំស្គាល់ក្រុម K-POP និងក្រុម idolកូរ៉េ ចំណង់ចំណូលចិត្តរៀនរាំរបស់ខ្ញុំ កើតមានឡើង ហើយមានអារម្មណ៍ថាជីវិតប្រចាំថ្ងៃ ធម្មតារបស់ខ្ញុំ បានផ្លាស់ប្តូរ។ ក្រុមរាំជ័យលាភីនោះ ក៏បានថ្លែងនូវអារម្មណ៍ជ័យជំនះដែរថា «យើងបានចូលរួមក្នុង ព្រឹត្តិការណ៍នេះ ដើម្បីឲ្យគណៈកម្មការវិនិច្ឆ័យ និងទស្សនិកជនបញ្ជាក់ពីសម្ថភាព របស់យើង ហើយយើងខ្ញុំសូមថ្លែងអំណរគុណជាអនេក និងរីករាយណាស់ ដែលទទូលបានលទ្ធផលល្អ»។

ករណីក្រុមដែលឈ្នះ នឹងត្រូវឆ្លងកាត់ការវិនិច្ឆ័យចុងក្រោយ ដោយអ្នកជំនាញក្នុងប្រទេសកូរ៉េ ពួកគេនឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួត ជាអន្តរជាតិក្នុង ព្រឹត្តិការណ៍ K-POP World Festival ដែលនឹងប្រារព្ធឡើងតាមអនឡាញ នៅឯទីក្រុងឆាំងវ៉ុន ប្រទេសកូរ៉េ ក្នុងខែតុលា ឆ្នាំនេះ។
វីដេអូទាក់ទងនឹងព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចូលទៅក្នុងគណនីហ្វេសប៊ុក របស់ស្ថាតទូត សាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងគណនីហ្វេសប៊ុករបស់ K’ve Entertainment ដូច្នេះសូមមានចំណាប់អារម្មណ៍ឲ្យបានច្រើន។ យើងសង្ឃឹមថា លោកអ្នកក៏នឹងគាំទ្រ ហើយផ្តោតចំណាប់អារម្មណ៍ខ្ពស់ ចំពោះកម្មវិធី K-POP World Festival នៅឆ្នាំក្រោយផងដែរ៕ រក្សាសិទ្ធិដោយ៖ សំណាងVM



