ភ្នំពេញ ៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានផ្ញើព្រះរាជសារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋ ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន មានព្រះរាជខ្លឹមសារថា ព្រះអង្គមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋ ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុត និងប្រកបដោយសក្តានុពល ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាបានល្អប្រសើរ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិ រីកចម្រើន និងល្បីរន្ទឺលើសកលលោក។
ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងដូចតទៅ ៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលដំណឹងដ៏ល្អប្រសើរស្តីពីសម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយស “មិត្តភាព (The Order of Friendship)” ថ្នាក់រដ្ឋ ពីឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។
ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសដ៏ឆ្នើមបំផុត និងប្រកបដោយសក្តានុពល ទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនានាបានល្អប្រសើរ ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិ រីកចម្រើន និងល្បីរន្ទឺលើសកលលោក។
ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុម គ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីខ្ញុំ”។
យោងតាមហ្វេសប៊ុកស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥសិរ្សយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៊ីនិងកម្ពុជា។
គួរបញ្ជាក់ថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ីដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ីតាមរយៈក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ីឬជនជាតិដទៃទៀត ដែលបាន ខិតខំលើកស្ទួយចំណងមិត្តភាពជាមួយប្រជាជននិងប្រទេសរុស្ស៉ី។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងទាក់ទងការទូត ជាមួយគ្នានៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ១៩៥៦។ ហើយឆ្នាំនេះជាខួបលើកទី៦៥ នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕ រក្សាសិទ្ធិដោយ៖ ចេស្តារ