Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែនចំនួន៨​ និងបិទការឆ្លងព្រំដែនកម្ពុជា-ថៃ លើកលែងតែដឹកជញ្ជូនទំនិញ និងករណីពិសេស

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តី​សម្រេចស្តីពីការបិទខ្ទប់ ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ប្រភេទដែលតា (Delta) និងផ្អាកជាបណ្តោះអាសន្ននូវការឆ្លងព្រំដែនកម្ពុជា-ថៃ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសតែប៉ុណ្ណោះ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្ទាប់ពីបានរកឃើញមេរោគបំប្លែងថ្មី Delta ដែលជាមេរោគឆ្លងលឿន និងធ្វើឱ្យសុខភាពទ្រុឌទ្រោមលឿននោះ បានឆ្លងចូលក្នុងសហគមន៍។ ការសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣និង៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ប្រការ៧នេះ នៃសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

រាជរដ្ឋាភិបាល ក៏បានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃ ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែររស់នៅប្រទេសថៃ ក៏ដូចជាសម្របសម្រួលជាមួយពលករខ្មែររស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

រាជរដ្ឋាភិបាល ក៏បានណែនាំគណៈអភិបាលខេត្តនៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការ និងការសម្របសម្រួលជាមួយបណ្តាខេត្តថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្ត នូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ