ភ្នំពេញ ៖ ក្នុងវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្ដីពី ដំណើរឆ្ពោះ ទៅកាន់ដំណាក់កាលវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីចិនសិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជាបន្ថែមទៀត លើវិស័យកសិកម្មរួមមាន ចិញ្ចឹមសត្វ, វារីវប្បកម្ម, និងកែច្នៃគ្រឿងឧបភោគ បរិភោគ, កៅស៊ូ, ផលិតផលកសិកម្មសម្រាប់នាំចេញ, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សិប្បកម្ម ជាដើម សម្រាប់នាំចេញត្រឡប់ទៅបំពេញសេចក្តីត្រូវការនៅចិនវិញ ជាជាងនាំចូលនូវផលិតផលទាំងនោះ ពីទីផ្សារដែលមិនមានស្ថិរភាព ឬពីប្រទេសដែលតែងតែ បង្កជំលោះពាណិជ្ជកម្មជាមួយខ្លួន។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ដ្រ បានគូសបញ្ជាក់ថា ផលិតផលដែលគួរមកវិនិយោគនៅកម្ពុជា ដូចជា ត្រី សាច់ស្រស់ និងបង្កកគ្រប់ប្រភេទ, បន្លែ និងផ្លែឈើស្រស់ និងកែច្នៃ, ផលិតផលធ្វើពីទឹកដោះ, គ្រាប់ធុញ្ញជាតិ និងម្រេច, អង្ករ, ប្រេងឆា និងផលិតផលខ្លាញ់, ស្បែកសត្វ, ស្ករស, និងកៅស៊ូ ជាដើម។ ចំពោះផលិតផលរៀបរាប់ខាងលើនេះ ប្រទេសចិន បាននាំចូលក្នុងតម្លៃរាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ ហើយគួរបង្វែរមកវិនិយោគ និងនាំចេញពីប្រទេសកម្ពុជា ដែលជាមិត្តដែកថែបរបស់ចិន ទៅកាន់ប្រទេសចិនវិញជាការកាន់តែប្រសើរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN







