ភ្នំពេញ ៖ ទន្ទឹមនឹងរាជរដ្ឋាភិបាលចេញសេចក្ដីសម្រេចបិទការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ( បិទខ្ទប់ ) ក្នុងខេត្តចំនួន ៨ នៃប្រទេសកម្ពុជា ដែលភាគច្រើនជាប់ទឹកដីប្រទេសថៃនោះ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក៏បានចេញសារាចរ ស្តីពី យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ផងដែរ ដូចជា តម្រូវឲ្យអភិបាលខេត្តសាមីនៃការបិទខ្ទប់ពង្រឹងវិធានការម៉ឺងម៉ាត់ , បិទការចេញ-ចូលតាមគ្រប់ច្រកព្រំដែនថៃ លើកលែងតែការដឹកជញ្ជូនទំនិញពាណិជ្ជកម្ម និងករណីពិសេសដែលអនុញ្ញាតដោយសមត្ថកិច្ច។

សារាចររបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីឆ្លើយតបនឹងការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី Delta និងបានដាក់ចេញនូវផែនការសំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធ រួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បំប្លែថ្មី Deltaនេះទៅក្នុងសហគមន៍។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យទាក់ទងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។
ណែនាំដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគ្នាផ្សព្វផ្សាយព័ត៌មាន អំពីការអនុវត្តវិធានការបិទខ្ទប់សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃ ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែររស់នៅប្រទេសថៃ និងពន្យារពួកគេកុំទាន់អាលឲ្យវិលត្រឡប់។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្ត្រ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta នេះ បន្ទាប់ពីបានរកឃើញឆ្លងលឿន និងធ្វើឱ្យសុខភាពទ្រុឌទ្រោមលឿន បានឆ្លងចូលក្នុងសហគមន៍ និងដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តបន្ទាន់ក្នុងយុទ្ធនាការនេះ ដូចតទៅ ÷
- វិធានការ បង្ការ និងទប់ស្កាត់ ត្រូវបានចាត់ទុកជាវិធានការអាទិភាព និងជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយអត្រានៃការឆ្លងរាលដាល ព្រមទាំងអត្រាមរណភាព ដែលបណ្ដាលមកពីជំងឺនេះ ក៏ដូចជាក្នុងការទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺនេះ ដែលបណ្ដាលមកពីមេរោគបំប្លែងថ្មី ប្រភេទ Delta ក្នុងសហគមន៍។
- អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវដាក់ចេញនូវវិធានការរដ្ឋបាល, វិធានការសុវត្ថិភាពផ្នែកសុខាភិបាល, ពង្រឹងការអនុវត្តវិធានការច្បាប់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានព្រមៗពេលជាមួយគ្នា, ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹង។ នៅក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ អភិបាលរាជធានី-ខេត្តត្រូវដាក់ចេញវិធានការចាំបាច់មួយចំនួន ដូចជា ÷
- ហាមឃាត់ ការធ្វើសកម្មភាពមុខរបរ និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ រង្គសាល ឌីស្កូថេក និងបៀរហ្គាឌិន, រមណីយដ្ឋាន សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ អាជ្ញាធរអាចសម្រេចហាមឃាត់សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
- រាល់ការជួបជុំ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច, លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
- ហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, ភោជនីយដ្ឋាន អាហារដ្ឋានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឲ្យអតិថិជន ចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលអាចធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេស ការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។
- ដាក់ចេញបម្រាមគោចរ ចន្លោះពីម៉ោង ២១យប់ ដល់ម៉ោង ៣ទៀបភ្លឺ សម្រាប់ភូមិសាស្រ្តទាំងមូល ឬផ្នែកណាមួយដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ, ទីរួមខេត្ត និងទីប្រជុំជននានា។ ក្នុងការអនុវត្តបម្រាមគោចរនេះ គណៈអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ធានាឲ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ , កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ,
ការធ្វើដំណើរដោយមូលហេតុសុភាពបន្ទាន់ , ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគ បរិភោគ , ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលទាំងរដ្ឋ និងឯកជន , ឱសថស្ថាន សេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត , សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ និងទីតាំងផលិតគ្រឿងឧបភោគ បរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN


















