កណ្តាល ៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង និងឃុំចំនួន ៣ទៀត សរុប ៤ឃុំ គឺ ឃុំពត់សរ , អំពៅព្រៃ , ព្រែកស្លែង ចំនួន ៣៣០គ្រួសារ ដែលមិនទាន់ទទួលបាន ការដោះស្រាយសំណង ហើយក្នុងនេះក៏មានពលរដ្ឋចំនួន ១៦គ្រួសារ ដែលអះអាងថា ជាអ្នករស់នៅ តជីដូន ជីតា ច្រើនជំនាន់នៅទីនេះ មិនធ្លាប់មានការលក់ដូរ រុះរើទីតាំងម្ដងណាឡើយ មានទាំងប្លង់រឹងលើដីស្រែចម្ការ និងប្លង់រឹងលើដីលំនៅឋាន សំណូមពរដោះស្រាយសំណងជូនពួកគាត់ឲ្យបានលឿនក្នុងករណីពិសេស។

ប្រជាពលរដ្ឋទាំង ៣៣០គ្រួសារ និងប្រជាពលរដ្ឋដែលមានករណីពិសេស ១៦គ្រួសារ បានសំណូមពរដល់ក្រុមហ៊ុនវិនិយោគ OCIC , ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មី CAIC ( ជាបុត្តសម្ព័ន្ធ ) , និងអាជ្ញាធរខេត្តកណ្ដាល ក្រោមការដឹកនាំរបស់លោក គង់ សោភ័ណ្ឌ ជាអភិបាល សូមជួយពន្លឿនការដោះស្រាយសំណងដល់ពួកគាត់ឲ្យបានលឿនផង កុំទុកឲ្យផលប៉ះពាល់នេះ ក្លាយទៅជាជំងឺរ៉ាំរ៉ៃ គ្មានថ្នាំព្យាបាល , ហើយអ្នកដែលស្លាប់ដោយសារជំងឺរ៉ាំរ៉ៃនេះ គឺប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារតែក្រុមហ៊ុនមិនព្រមផ្ដល់សំណង។ ពេលនេះពួកគាត់សំណូមពរ២ចំណុច សំខាន់ៗ ÷
១- សំណូមពរ សូមឱ្យធ្វើការផ្ដល់សំណងជាថវិកា ទិញដីពួកគាត់ក្នុងតម្លៃតាមទីផ្សារ ឬក្រោមទីផ្សារ ដែលអាចជជែក និងពិនិត្យមើលទាំងអស់គ្នាទទួលយកបាន។ ប្រជាពលរដ្ឋ មិនចង់ទទួលយកសំណងតាមរយៈការដោះដូរដីនោះទេ ព្រោះអាជ្ញាធរ ផ្ដល់ទីតាំងដីដែលត្រូវដូរនោះ ស្ថិតនៅឆ្ងាយពីភូមិឋានពួករបស់គាត់ពេក ពិបាករស់នៅ , គ្មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរស់នៅ ប្រកបរបរកសិកម្ម អាជីវកម្ម និងកូនចៅរៀនសូត្រ។
២- សូមឲ្យក្រុមហ៊ុន និងអាជ្ញាធរខេត្តកណ្ដាល ធ្វើការដោះស្រាយផ្ដល់សំណងឲ្យច្បាស់លាស់ជាមុនសិន សឹមយកគ្រឿងចក្រមកឈូសឆាយ នៅកន្លែងដែលត្រូវអភិវឌ្ឍន៍តាមក្រោយ ព្រោះថាដរាបណាមិនទាន់ដោះស្រាយ ផ្ដល់សំណងរួចរាល់នោះ ដីនៅទីនោះ គឺជាកម្មសិទ្ធិរបស់ពួកគាត់ដដែល , មិនទាន់ដោះស្រាយផង ក្រុមហ៊ុនយកគ្រឿងចក្រទៅឈូសទីនេះ ឈូសទីនោះ ធ្វើឲ្យប្រជាពលរដ្ឋជ្រួលច្របល់ ពីព្រោះថាប៉ះពាល់ដីកម្មសិទ្ធិរបស់ពួកគាត់។

បើតាមប្រជាពលរដ្ឋអះអាងថា គ្រួសារដែលរងផលប៉ះពាល់ ពីការស្ថាបនាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះមុនដំបូង សរុប ៥០១គ្រួសារ គឺពួកគាត់រស់នៅប្រកបរបរកសិកម្មជាធំ អាស្រ័យផលស្រែ-ចម្ការស្ទើរគ្រប់ៗគ្នា។ ក្រោយមក មានដោះស្រាយជូនប្រជាសហគមន៍ រស់នៅលើផ្លូវទំនប់ ( ចំណីផ្លូវ មិនស្របច្បាប់ ) ចំនួន ១៧១គ្រួសារ ដោយមានការផ្ដល់សំណងជាផ្ទះ និងលុយកាក់ខ្លះផងនោះ ធ្វើឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅសល់ចំនួន ៣៣០គ្រួសារ ដូចសព្វថ្ងៃ ហើយមិនទាន់ ទទួលបានការដោះស្រាយនៅឡើយ, ហើយជាមួយគ្នានេះ ក៏រំលេចឡើងនូវប្រជាពលរដ្ឋ ១៦គ្រួសារ ជាករណីពិសេសបន្តទៀត ព្រោះតែពួកគាត់ជាអ្នករស់នៅលើទីតាំងនេះ បន្តជីដូនជីតាច្រើនតំណមក មិនធ្លាប់ស្គាល់រសជាតិដោះដូរ ចំណេញលើការលក់ដីនេះម្ដងណាឡើយ , ម្យ៉ាងពួកគាត់ទាំង ១៦គ្រួសារនេះ មានប្លង់រឹងទាំងដីស្រែ-ចម្ការ និងប្លង់រឹងទាំងដីលំនៅឋាន ពួកគាត់ទទូចសុំឲ្យមានការដោះស្រាយជាករណីពិសេស ព្រោះតែពួកគាត់ប៉ះពាល់ទាំងដីស្រែ-ចម្ការ និងដីលំនៅឋាន ហើយដីទាំងនោះសុទ្ធតែមានប្លង់រឹងទៀតផង។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរខេត្តកណ្ដាល ដែលកាលណោះ គ្រប់គ្រងដោយ លោក ម៉ៅ ភិរុណ ជាអភិបាលខេត្ត បានចេញលិខិតមួយច្បាប់ ស្ដីពីការបិទការទិញ-លក់ដីក្នុងដែនអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ដែលមានទំហំជាង ២.៦០០ហិកតា, ខណៈដែលមុននេះ ២ឆ្នាំ តម្លៃដីនៅទីតាំងខាងលើនេះ ក្នុង១ម៉ែត្រការ៉េ មានតម្លៃ ១៥ដុល្លារឡើងទៅ កន្លែងខ្លះតម្លៃ ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ , ប៉ុន្តែនៅពេលចាប់ផ្ដើម ស្ថាបនាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះភ្លាម ខាងក្រុមហ៊ុន និងអាជ្ញាធរខេត្តកណ្ដាល ដាក់គោលការណ៍ផ្ដល់សំណង ជូនប្រជាពលរដ្ឋតែក្នុងតម្លៃ១ម៉ែត្រការ៉េ ៨ដុល្លារប៉ុណ្ណោះ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មិនយល់ព្រមនិងបានក្លាយជាជំងឺរ៉ាំរ៉ៃ។

កាលពីខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមួយ ដែលលាតសន្ធឹងលើឃុំចំនួន ៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ ការសាងសង់ព្រលានយន្តហោះថ្មីនេះ បានប៉ះពាល់ដីស្រែរបស់ពលរដ្ឋយ៉ាងហោចណាស់ជាង ៤០០គ្រួសារ មានប្លង់រឹង ដែលក្រោយមកប្រជាពលរដ្ឋអះអាងថា ឡើងដល់ ៥០១គ្រួសារប៉ះពាល់លើដីចម្ការ-ស្រែ មានប្លង់រឹង ក្នុងនោះ ប៉ះពាល់ទាំងផ្ទះ ទាំងដីចម្ការ-ស្រែ ចំនួន ៤៣គ្រួសារ មានប្លង់រឹងផងដែរ។
គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺសម្រាប់យន្តហោះខ្នាតធំ ឬខ្នាតយក្ស ចុះសំចតងាយស្រួល។ ព្រលាននេះ អាចស្រូបយក និងទទួលបានការហោះហើរពីយន្តហោះឆ្លងទ្វីប ពោលគឺ ប្រភេទយន្តហោះធុនយក្ស Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះសំចតបាន ដោយងាយស្រួល។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានទទួលសិទ្ធិវិនិយោគ និងសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគ ក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលត្រូវចំណាយទឹកប្រាក់ជាង ១ ៥០០លានដុល្លារ ហើយត្រូវបានព្យាករណ៍ថា នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣។
ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ( CAIC )។
ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ រាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ជាង ១ ៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ១ ១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារ ជារបស់ក្រុម OCIC និង ២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



















