ភ្នំពេញ ៖ មន្រ្តីកម្ពុជា បានស្នើដល់ភាគចិនឱ្យជួយពន្លឿននីតិវិធីផ្ទៃក្នុង ដើម្បីឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាននៅដើមឆ្នាំ២០២២ឆាប់ៗនេះ។
ក្នុងវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ មន្រ្តីកម្ពុជា បានស្នើឲ្យភាគចិនពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅដើមឆ្នាំ២០២២។
ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការចូលជាធរមាន នៅដើមឆ្នាំ២០២២ឆាប់ៗនេះ គឺសំដៅផ្តល់ឱកាសឲ្យពាណិជ្ជករ និងវិនិយោគិន អាចទាញយកនូវអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះ ឲ្យបានឆាប់បំផុត ដែលកិច្ចព្រមព្រៀងនេះ នឹងផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន លើវិស័យសេវាកម្ម និងទំនិញនាំចេញឲ្យកាន់ តែសម្បូរបែប ក៏ដូចជាផ្តល់ឱកាស ដល់ធុរជនចិនមកវិនិយោគនៅកម្ពុជា។
មន្រ្តីកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន នឹងជួយចូលរួមចំណែកយ៉ាងធំធេង ដល់យុទ្ធសាស្រ្តស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចរបស់ចិនផងដែរ ពីការញាំញីយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២១នេះ បើទោះបីជាប្រទេសទាំងពីរ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិជំងឺកូវីដ១៩យ៉ាង ក៏ដោយ ក៏កំណើនពាណិជ្ជកម្មប្រទេសទាំងពីរ នៅតែមានការកើនទ្បើងចំនួន ៣១% គឺបានក្នុងតម្លៃជិត ៥ពាន់ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេល ៦ខែ ដូចគ្នានិងឆ្នាំ២០២០ មានតម្លៃ ៣៧០០ លានដុល្លារ៕ រក្សាសិទ្ធិដោយ៖CEN




