ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនជាតិវៀតណាម ២ នាក់ និង ខ្មែរម្នាក់ ដែលបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ពួកគេកំណត់ ៣ ឆ្នាំ ក្នុងម្នាក់ៗ ពីបទជួញដូរ និងដឹកជញ្ជូនសត្វព្រៃក្នុងក្រុមជិតផុតពូជ ប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩។
សវនាការនេះបានឡើយក្រេាមការដឹកនាំរបស់លោកជំទាវ ចាន់ ម៉ារីណា ជាប្រធានប្រឹក្សាជំនុំជំម្រះនៃសាលាឧទ្ទរណ៍ ភ្នំពេញ និងមាន លោកព្រះរាជអាជ្ញារង ជុំ សែនសទ្ធា ជាតំណាងអគ្គព្រះរាជអាជ្ញា ។
លោកជំទាវ ចាន់ ម៉ារីណា បានអោយដឹងថា ជនជាប់ចោទវៀតណាម ទាំង២នាក់ មានឈ្មោះ ទី១ ឈ្មោះ ដាង វ៉ាន់មិញ ភេទប្រុស អាយុ ៤៣ ឆ្នាំ និង ទី២ ឈ្មោះ ង្វៀង វ៉ាន់ណាម ភេទប្រុស អាយុ ៥៣ ឆ្នាំ។
ចំណែកឯ ជនជាប់ចោទ ជនជាតិខ្មែរ មានឈ្មោះ ឯក ថារិទ្ធិ ភេទប្រុស ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនឈ្មោះ ឯកថារិទ្ធិ ខូអិលធីឌី ( រត់គេចខ្លួន)។
លោកជំទាវ ចាន់ ម៉ារីណា បានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ចំនួនពី ២០ ទៅ ៤០ លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។
តែពួកគេ ប្តឹងជំទាស់នឹងសាលក្រម របស់តុលាការរាជធានីភ្នំពេញ មកកាន់សាលាឧទ្ធរណ៍ភ្នំពេញ។

ក្នុងចំណោម ជនជាប់ចោទទាំង៣នាក់ បុរសវៀតណាម ទាំង ២នាល់ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ឃាត់ខ្លួន នៅក្នុងព្រលានយន្តហោះអន្តរជាតិរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩។
ចំណែកឯ ឈ្មោះ ឯក ថារិទ្ធិ រត់គេចខ្លួន។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកាំកុងត្រូល និងគយប្រចាំនៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ដកហូតបានសំណាកសត្វព្រៃកម្រ និង ជិតផុតពូជ រួមមាន ភ្លុកដំរី ឆ្អឹងខ្លា ឆ្អឹងពង្រួល និង ឆ្អឹងសត្វព្រៃកម្រផ្សេងៗ មានចំនួនសរុបជិត ១ តោន។
នាពេលសវនាការជនជាប់ចោទវៀតណាម ទាំង២នាក់ បានបដិសេធចំពោះការចោទប្រកាន់ ប៉ុន្តែទទួលស្គាល់ថា នៅថ្ងៃដែល សមត្ថកិច្ចចាប់ឃាត់ខ្លួនពួកគេនោះ, ពួកគេត្រូវបានបុរសវៀតណាមម្នាក់ ឈ្មោះ ង្វៀង ស៊ឺងថាន់ ( គេចខ្លួន) ជួលក្នុងម្នាក់ៗតម្លៃ ៥០០ ដុល្លារអាមេរិក ដើម្បីឲ្យទៅទទួលទំនិញ ដែលផ្ញើពីក្រៅប្រទេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ពួកគេបាននិយាយថា ឆ្អឹងសត្វព្រៃដែល សមត្ថកិច្ចរឹបអូសនោះ មិនមែនជារបស់ពួកគេនោះទេ គឺជារបស់ ឈ្មោះ ង្វៀង ស៊ឺងថាន់។
ពួកគេ បានសំណូមពរ ដល់តុលាការឧទ្ធរណ៍ មេត្តាបន្ធូរបន្ថយទោសឲ្យ បានទាប ដើម្បីពួកគេឆាប់បានត្រឡប់ ទៅជួយជុំគ្រួសារពួកគេវិញ នៅប្រទេសវៀតណាម។
សំណុំរឿងនេះ តុលាការឧទ្ធរណ៍ លើកពេលប្រកាសសាលដីកា នៅដើមខែ សីហា ខាងមុខនេះ៕
រក្សាសិទ្ធិដោយ: ចន្ទា ភា

