Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈិន រតនៈ ទម្លាយពីអតីតកាលឈឺចាប់ នៅពីក្រោយពីភាពជោគជ័យបច្ចុប្បន្ន

ភ្នំពេញ​ ៖ តារាចម្រៀងនាង ឈិន រតនៈ បានទម្លាយពីអតីតកាលដែល នាងធ្លាប់ជួបប្រទះនូវកាលឈឺចាប់ ដែលនាំឲ្យនាងមានការតស៊ូ រហូតទទួលបានជោគជ័យនាពេលបច្ចុប្បន្ន។
មុននឹងឈានដល់ចំណុចនេះ ឈិន រតនៈ បានពើបប្រទះនូវឧបសគ្គ និងរងសម្ពាធមួួយចំនួន ដែលមនុស្សទូទៅមួយចំនួន បានជួបប្រទះស្រដៀងនាងដូចគ្នា។

ឈិន រតនៈ បានបង្ហោះសារថា ខ្ញុំនៅតែចាំក្នុងចិត្តថាមានមនុស្សប៉ុន្មានអ្នកដែលនៅក្បែរខ្ញុំ និងមនុស្សប៉ុន្មានអ្នកដែលធ្លាប់បោះបង់ខ្ញុំចោលកន្លងមក។

នាងបញ្ជាក់ថា ខ្ញុំបានមកឈរទីនេះបានគឺដោយសារខ្ញុំមិនបោះបង់ចោលខ្លួនឯង ទោះបីខ្ញុំត្រូវបានអ្នកណា បោះបង់ខ្ញុំចោលក៏ដោយ… ហើយខ្ញុំអាចឈរនៅទីនេះ ខ្ញុំអាចមានថ្ងៃនេះ គឺគ្មានអ្នកណាដឹងថាខ្ញុំធ្លាប់ឆ្លងកាត់អ្វីខ្លះ ជួបឧបសគ្គអ្វីខ្លះ ទទួលសម្ពាធ ការមើលងាយយ៉ាងណាខ្លះទេ។

នាងថា ខ្ញុំមោទនភាពចំពោះខ្លួនឯងដែលខំប្រឹងប្រែង តស៊ូបានមកដល់ចំណុចនេះ បើទោះជាទីដែលខ្ញុំកំពុងឈរសព្វថ្ងៃ វាមិនទាន់ខ្ពស់កប់ពពក តែខ្ញុំបានមកដល់កន្លែង ដែលខ្ពស់ជាងកន្លែងដែលខ្ញុំធ្លាប់នៅពីមុន ដោយប្រើការតស៊ូ ការប្រឹងប្រែងរបស់ខ្ញុំ។

ខ្ញុំអរគុណខ្លួនឯង ខ្ញុំអរគុណអ្នកដែលចាំលើកទឹកចិត្តខ្ញុំ ខ្ញុំអរគុណមនុស្សល្អៗគ្រប់គ្នាដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះ។
ឈិន រតនៈ បានក្លាយជាតារាចម្រៀងមួយដួង នៅក្នុងផលិតកម្មហង្សាស បន្ទាប់ពីនាងបានចូលរួមប្រកួតប្រជែង ហើយជាប់នៅក្នុងបេក្ខជនចុងក្រោយ នៃកម្មវិធី The Voice ។
បទចម្រៀងរបស់នាងបានចេញជាបន្តបន្ទាប់ ហើយនៅក្នុងនោះ មានបទមួយចំនួន ក៏ទទួលបានការគាំទ្រ ពីប្រិយមិត្តអ្នកស្តាប់ជាច្រើនផងដែរ។

មួយរយៈចុងក្រោយនេះ ឈិន រតនៈ ក៏បានប្រែប្រួលរូបសម្រស់កាន់តែស្រស់ស្អាត ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
តារាចម្រៀងរូបនេះ តែងតែបង្ហោះនូវពាក្យស្នេហា ជាបន្តបន្ទាប់នៅតាមគណនីហ្វេសប៊ុករបស់ខ្លួន ខណៈរហូតមកទល់ពេលនេះ នាងនៅមិនទាន់លេចឮពាក់ព័ន្ធស្នេហា ជាមួយបុរសរូបណានៅឡើយទេ៕
រក្សាសិទ្ធិដោយ៖សំណាង SV

×