បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល (ពលករ អាជីវករ និងពាណិជ្ជករ) លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទឹករអ្នកជំងឺសង្គ្រោះបន្ទាន់។

បើតាមលិខិតរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្តាយមានជ័យ ផ្ញើជូនអភិបាលខេត្តស្រះកែវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ស្តីពីការបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញចូល។ លោក អ៊ុំ រាត្រី បានថ្លែងថា “ខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថា ដោយសារមានការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេច ស្តីពីការបិទព្រំដែនកម្ពុជា-ថៃ និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) ក្នុងខេត្តដែលត្រូវបានបិទខ្ទប់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់រដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡងដ៏ អំពីការបិទព្រំដែនជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល (ពលករ អាជីវករ និងពាណិជ្ជករ) លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាត របស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទឹករអ្នកជំងឺសង្គ្រោះបន្ទាន់”។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់ ដោយបិទភូមិសាស្រ្តខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់ឡើយ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






