Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីក្រសួងមហាផ្ទៃ កាយដីផ្ដាច់ផ្លូវ ប្រជាពលរដ្ឋ ១៤៣នាក់ ផ្ទុះការតវ៉ាកក្រើក អាជ្ញាធរស្រុកកៀនស្វាយប្រាប់ថាមិនទាន់រកឃើញការពិត

កណ្តាល ៖ ប្រជាពលរដ្ឋ ១៤៣នាក់ រស់នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាយ៉ាងកក្រើក និងបានឱ្យដឹងកាលពីថ្ងៃទី២៧ កក្កដា ២០២១ កន្លងទៅនេះថា ផ្លូវលំមួយខ្សែ ដែលពួកគាត់តែងតែប្រើប្រាស់សម្រាប់ធ្វើដំណើរទៅនេសាទត្រី ដកព្រលឹត ដកក្រអៅឈូក បេះត្រកួន និងស្លឹកឈូកនៅបឹងធំ ព្រមទាំងធ្វើដំណើរទៅកាន់ទីសក្ការៈបូជាកំពង់រទេះ កោះលៀស និងកោះស្លែងអណ្តែត តាំងពីដូនតាមកម្ល៉េះ ត្រូវបានមនុស្សមានអំណាចម្នាក់ ដែលជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ស្រាប់តែកាយដីផ្ដាច់ផ្លូវមិនឲ្យពួកគាត់ធ្វើដំណើរទៅវិញ។

លោក ផាន់ ផានី តំណាងប្រជាពលរដ្ឋចំនួន ១៤៣នាក់ បានរៀបរាប់ឲ្យដឹងទៀតថា កន្លងមក ដោយសារតែឃើញផ្លូវនេះទាប លិចទឹក ពិបាកធ្វើដំណើរក៏មានសប្បុរជនបានជួយចេញប្រាក់ដើម្បីចាក់ដីបំពេញ សម្រួលការធ្វើដំណើរ ធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់។ ប៉ុន្តែ ស្រាប់តែកាលពីថ្ងៃទី១៩ កក្កដា កន្លងទៅនេះ លោក ចាន់ វិទូ ដែលជាម្ចាស់អាជីវកម្មបូមខ្សាច់ និងមានអំណាច ជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃ ដែលរស់នៅក្បែរផ្លូវមួយខ្សែនេះ បានបញ្ជាឱ្យកូនចៅយកអេស្កាវ៉ាកាយផ្តាច់ផ្លូវនេះ ធ្វើឱ្យពួកគាត់មិនអាចដំណើរបាន ទើបបានជាពួកគាត់ ធ្វើការតវ៉ាយ៉ាងកក្រើក និងដាក់ពាក្យបណ្តឹងទៅកាន់សាលាឃុំឈើទាល និងសាលាស្រុកកៀនស្វាយ ដើម្បីធ្វើយ៉ាងណាឲ្យអាជ្ញាធរជួយអន្តរាគមន៍បើកផ្លូវនេះធ្វើដំណើរឡើងវិញ ព្រោះបើផ្លូវនេះត្រូវកាត់ផ្តាច់ ពួកគាត់គ្មានផ្លូវសម្រាប់ធ្វើដំណើរទៅបឹងប្រកបរបរចិញ្ចឹមជីវិត និងមិនអាចទៅកាន់ទីសក្ការៈបូជា បានឡើយ ដូច្នេះ សូមថ្នាក់លើមេត្តាអន្តរាគមន៍ឱ្យឈ្មួញកាយដីលុបផ្លូវនេះឱ្យបានដូចដើមវិញ។

បើតាម លោកស្រី អ៊ុក សឿន មេឃុំឈើទាល បានបញ្ជាក់ថា ដីផ្លូវសាធារណៈនេះ មានទទឹង ៧ម៉ែត្រ និងបណ្តោយចាប់ពីចំណុចដែលកាយផ្ដាវ់នោះ រហូតដល់ទីតាំងកោះស្លែងអណ្តែត ប្រវែង ២៤១ម៉ែត្រ ហើយត្រូវបានភាគី លោក ចាន់ វិទូ កាយផ្ដាច់ពិតមែន ហើយលោកស្រីបានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំស្រុកហើយ រង់ចាំការសម្រេចពីខាងអាជ្ញាធរស្រុក។

ករណីនេះ លោក កៅ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកកៀនស្វាយ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបញ្ជាពី លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ឱ្យចុះទៅពិនិត្យមើលករណីផ្លូវនេះ ឃើញថា ពិតជាត្រូវបានភាគីខាង លោក ចាន់ វិទូ កាយផ្ដាច់ពិតប្រាកដមែន ហើយបើសិក្សាស្រាវជ្រាវទៅឃើញថា លោក ចាន់ វិទូ ពិតជាបានបំពានពិតមែន នោះអាជ្ញាធរនឹងធ្វើការព្រមាន ឬពិន័យទៅតាមរដ្ឋបាលមិនខានឡើយ។

ចូលមកដល់ លោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយ វិញ បានប្រាប់អ្នកសារព័ត៌មានថា លោកកំពុងសិក្សាស្រាវជ្រាវលើករណីនេះ បើសិនជារកឃើញថា ភាគី លោក ចាន់ វិទូ ពិតជាបានកាយផ្ដាច់ផ្លូវសាធារណៈនោះមែន លោកនឹងបញ្ជាឲ្យកាយលុបវិញ និងបើកផ្លូវដំណើរការឡើងវិញ ប៉ុន្តែបើសិនរកឃើញថា ភាគីខាង លោក ចាន់ វិទូ កាយលើផ្លូវរបស់គាត់ នោះលោកនឹងរកដំណោះស្រាយផ្សេងទៀត។

ងាកមក លោក ចាន់ វិទូ វិញ ដែលរងនូវការចោទប្រកាន់ និងត្រូវគេប្ដឹងថា កាយដីផ្ដាច់ផ្លូវនោះ មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទទៅលោកចូលហើយ តែត្រូវបានចុចបិទវិញ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×