ភ្នំពេញ ÷ ជាធម្មតា រាជរដ្ឋាភិបាល បានដាក់បញ្ជាឲ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច បង្រ្កាបកាស៊ីណូ និងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីទប់ស្កាត់អំពើល្មើសចោរកម្ម អំពើហិង្សាផ្សេងៗ ដែលផ្ដើមចេញពីឫសគល់ នៃការភ្នាល់លេងល្បែងស៊ីសងនេះ។

ឥឡូវនេះ ល្បែងសុីសងកត់កន្ទុយលេខឆ្នោតវៀតណាមខុសច្បាប់ បានបើកលេងយ៉ាងរំភើយមួយកន្លែង នៅខាងក្នុងផ្សារទួលពង្រ ស្ថិតនៅជាប់តូបលក់សាច់ជ្រូក ក្បែរស្នាក់ការផ្សារទួលពង្រតែម្ដង , សមត្ថកិច្ចឧស្សាហ៍ចេញ-ចូលញឹកញាប់នៅទីនោះ ជាពិសេស ក្រុមសន្តិសុខដែលមើលការខុសត្រូវ លើបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងផ្សារទួលពង្រនេះតែម្ដង មើលឃើញច្បាស់នឹងភ្នែក ប៉ុន្តែពួកគេបែរជាធ្វើមើលមិនឃើញវិញ។ នៅពេលសួរនាំពីរឿងនេះថា ហេតុអ្វីបានជាបណ្ដោយឱ្យឆ្នោតកន្ទុយលេខវៀតណាម ធ្វើសកម្មភាពបើកល្បែងស៊ីសងបែបនេះ ល្មើសនឹងច្បាប់ហាមប្រាមទៅវិញ? ក្រុមសន្តិសុខក៏ដូចជា គណៈកម្មការផ្សារទួលពង្រ បាននិយាយបកត្រឡប់មកវិញថា មិនមែនជាភារកិច្ចរបស់ពួកខ្លួននោះទេ ដូច្នេះមិនថាឆ្នោតកន្ទុយលេខវៀតណាម ឬឆ្នោតអ្វីនោះទេ ពោលគឺ ឆ្នោតណាលេងអីលេងទៅ។
សូមបញ្ជាក់ថា ទីតាំងគាត់ឆ្នោតកន្ទុយលេខវៀតណាម ដែលស្ថិតនៅជាប់ទីស្នាក់ការផ្សារទួលពង្រនេះ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , ត្រូវបានប្រជាពលរដ្ឋលើកជាសំណួរថា តើអាជ្ញាធរមានសមត្ថកិច្ច ចាប់តាំងពីថ្នាក់ប៉ុស្តិ៍រដ្ឋបាល រហូតដល់ ថ្នាក់ខណ្ឌពោធិ៍សែនជ័យ បានដឹងដែរឬទេ? ឬមួយមិនហ៊ានធ្វើការបង្ក្រាប បានជាផ្ទះកត់ឆ្នោតកន្ទុយលេខវៀតណាមមួយនេះ ព្រហើនកោងកាច បើកធ្វើសកម្មភាពចាក់ភ្នាល់ល្បែងស៊ីសង ឥតកោតខ្លាចបែបនេះ? បើថា ក្រុមសន្តិសុខ និងគណ:កម្មការផ្សារ លើកឡើងថា មិនមែនតួនាទីរបស់ពួកគាត់ មិនហ៊ានបង្ក្រាប , ចុះសមត្ថកិច្ចថ្នាក់ប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ខណ្ឌពោធិ៍សែនជ័យ ហេតុអ្វីមិនមានតួនាទីត្រូវបង្ក្រាប ឬក៏មិនហ៊ាន ឬក៏ទទួលលាភសក្ការៈពីកន្លែងបោះឆ្នោតកន្ទុយលេខវៀតណាមមួយនេះ?!

មហាជនកំពុងនាំគ្នារិះគន់យ៉ាងខ្លាំង ចំពោះទីតាំងឆ្នោតកន្ទុយលេខវៀតណាម ជាល្បែងខុសច្បាប់នៅសង្កាត់ចោមចៅទី១នេះ ទោះបីក្នុងពេលផ្ទុះជំងឺកូវីដ-១៩ ក៏ទីតាំងនេះ អាចបើកលេងភ្នាល់ចាក់លុយ បានដោយរលូនដែរ គឺគេឃើញមានមនុស្សចូលទៅលេង ចាក់លុយយ៉ាងពពាក់ពពូន។ អ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភ និងភ័យខ្លាចនោះ គឺល្បែងភ្នាល់ចាក់កន្ទុយលេខឆ្នោតវៀតណាមនេះ វាផ្ដើមឲ្យកើតឡើងនូវអំពីអសន្តិសុខសង្គម ដូចជាអំពើ លួច ឆក់ ប្លន់ អំពើហិង្សា និងការបែកបាក់ ប្ដី-ប្រពន្ធ កូន បន្ទាប់ពីពួកគេលេងល្បែងចាញ់ ហើយឈ្លោះគ្នា រហូតដល់លែងលះគ្នា។
សម្លឹងគិតទៅលើគោលការណ៍ភូមិ-ឃុំ មានសុវត្ថិភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវ មូលដ្ឋានគ្មានល្បែងស៊ីសង គ្មានចោរកម្ម គ្មានអំពើហិង្សា គ្មានគ្រឿងញៀន គ្មានការគំរាមកំហែង… ដូច្នេះ ប្រសិនបើអាជ្ញាធរមូលដ្ឋាន ដូចជា រដ្ឋបាលប៉ុស្តិ៍នគរបាលចោមចៅ១ , ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ បណ្ដែតបណ្ដោយឲ្យមានផ្ទះបើកល្បែងស៊ីសង កត់ឆ្នោតកន្ទុយលេខវៀតណាមបែបនេះ សួរថា តើភូមិ-ឃុំ មានសុវត្ថិភាព អាចកើតឡើងបានយ៉ាងម៉េចទៅ?

ប្រជាពលរដ្ឋបានឲ្យដឹងថា មានមេឆ្នោតកន្ទុយលេខវៀតណាមធំៗពីរនាក់ ដែលគេស្គាល់ឈ្មោះ ប៉ុន្តែកម្របានឃើញមុខ គឺលោកព្រីង និងលោកឡាលីន ( នេះគ្រាន់តែជាឈ្មោះហៅក្រៅ ឬរហស្សនាមមេឆ្នោតនេះតែប៉ុណ្ណោះ ) ដោយម្នាក់ ពាក់ផ្កាយកងរាជអាវុធហត្ថ និងម្នាក់ទៀត ពាក់ផ្កាយកម្លាំងនគរបាល , ពួកគេទាំង២នេះបំពុលសង្គម បើកល្បែងស៊ីសងឆ្នោតកន្ទុយលេខវៀតណាមនេះ យូរហើយឡើងក្លាយជាក្រាំងរឹងដូចថ្ម មិនងាយថ្នាក់លើណាអាចរំលាយបាននោះទេ តើថ្នាក់លើអន់ ឬក៏លោកព្រីង និងលោកឡាលីនខ្លាំង?៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN



