Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ៖ អ្នកកាសែត ត្រូវយល់ដឹងព្រំដែនសិទ្ធិសេរីភាព នៃសារព័ត៌មាន និងសិទ្ធិបុគ្គល បើផ្សាយប៉ះជីវិតឯកជនរបស់គេ គឺបុគ្គលនោះ មានសិទ្ធិប្ដឹងទៅតុលាការ

ភ្នំពេញ៖ ប្រសាសន៍ ឯកឧត្តមខៀវ កាញារីទ្ធ ពីក្រមសីលធម៌និងព្រំដែនរបស់អ្នកសារព័ត៌មាន។
រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងបញ្ជាក់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចពិភាក្សាសារព័ត៌មាន ស្តីពី ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសបុក តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ និងដោយការចូលរួមពីវាគ្មិន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមខៀវ កាញារីទ្ធ​​ បានមានប្រសាសន៍ថា មានអ្នកកាសែតខ្លះ ឃើញគេស្រវឹងហើយ ទៅតាមថតគេដល់ក្នុងឡានទៀត ហើយមានអ្នកកាសែតខ្លះទៀត ឃើញប្ដីប្រពន្ធគេឈ្លោះគ្នា ទៅថតផ្សាយ គឺជាការខុសច្បាប់ ហើយកន្លងមក អ្នកកាសែតយើង គាត់ឈ្លោះគ្នាប្ដីប្រពន្ធគាត់ ក៏គាត់ថតបង្ហោះដែរ ព្រោះយើងមិនយល់ មិនឲ្យតម្លៃឯកជនខ្លួនឯង ប៉ុន្តែបើនៅស្រុកគេ ភាពឯកជនមានតម្លៃណាស់ រក្សាភាពស្ងប់ស្ងាត់តម្លៃបុគ្គលរបស់គេ។​ បញ្ហានេះជាបញ្ហាធំ ដែលយើងត្រូវយល់ព្រំដែនសិទ្ធិសេរីភាព នៃសារព័ត៌មាន ហើយនិងសិទ្ធិបុគ្គល ស្ដើងណាស់ ត្រូវការយល់ដឹងមួយច្បាស់លាស់។ បើកាលណា ផ្សាយព័ត៌មានប៉ះដល់ការងារឯកជន មិនមែនជាការងាររបស់ក្រសួងទេ បុគ្គលណាយល់ឃើញថា អ្នកកាសែតនោះ ផ្សាយដល់ជីវិតឯកជនរបស់ខ្លួន ធ្វើឲ្យខ្លួនខាតបង់ ធ្វើឲ្យខ្លួនអាម៉ាស់ គឺបុគ្គលនោះ មានសិទ្ធិប្ដឹងទៅតុលាការផ្ទាល់ដោយខ្លួនឯង ព្រោះនេះ មិនបានជាសិទ្ធិសេរីភាពសារព័ត៌មានទៀតទេ យើងដឹងហើយថា សិទ្ធិសេរីភាព ធ្វើអ្វីបានទាំងអស់ ប៉ុន្តែកុំឱ្យប៉ះលើសិទ្ធិសេរីភាពអ្នកដទៃ ព្រោះថាសិទ្ធិសេរីភាពរបស់យើង វាស្ថិតនៅត្រង់ព្រំដែនកន្លែងណា ដែលជាការចាប់ផ្ដើមសេរីភាពរបស់មនុស្សម្នាក់ទៀត ។ យើងបានដឹងហើយថា អ្នកកាសែតយើងមួយចំនួន មិនបានរៀនសូត្រទេ អញ្ចឹងធ្វើម៉េចគាត់ត្រូវធ្វើការទាញអារម្មណ៍។

ឯកឧត្តមខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន មិនបានជាមន្ត្រីតុលាការ មិនមែនជានគរបាលយុត្តិធម៌ កាលណាបើប៉ះលើភាពឯកជន បុគ្គលណា អង្គភាពណា យល់ឃើញថា អត្ថបទនោះ ធ្វើឱ្យខាតបង់ប្រយោជន៍របស់ខ្លួន ធ្វើឲ្យខូចកិត្តិយសអង្គភាពខ្លួន បុគ្គលខ្លួនឯង គ្រួសារខ្លួន មានសិទ្ធិប្ដឹងទៅតុលាការ។ ត្រូវចាំថា យើងជាអ្នកកាសែត មិនអាចជាប់ពន្ធនាគារនោះទេ ព្រោះការបញ្ចេញមតិ តែនិយាយដើមគេ ប៉ះពាល់សិទ្ធិគេ សិទ្ធិបុគ្គលរបស់គេ មិនមែនជាការបញ្ចេញមតិទេ គឺជាការខុសគ្នា។​ សិទ្ធិឯកជន វាទូលំទូលាយ សិទ្ធិសេរីភាពរបស់យើង កំណត់ត្រឹមការចាប់ផ្ដើមសេរីភាពរបស់គេ។ សេរីភាពសិទ្ធិធ្វើអ្វីបានទាំងអស់ មិនឱ្យប៉ះលើសិទ្ធិសេរីភាពរបស់អ្នកដទៃ។ អញ្ចឹងចំពោះក្រសួង មានតែការណែនាំ ពន្យល់ អំពីបញ្ហានឹង ពីព្រោះថាអ្នកមួយចំនួន គាត់មិនបានរៀនឱ្យអស់ ដែលយើងគួរតែបើកសិក្ខាសាលា ដោយនាំគ្នាជជែក ដើម្បីធ្វើយ៉ាងណាលើកកិត្តិយសរបស់យើង ឲ្យបានខ្ពស់ ទាំងអ្នកដែលរៀននៅសាលា អ្នកដែលមានអាជ្ញាប័ណ្ណ អ្នកមិនមានអាជ្ញាប័ណ្ណ ដោយធ្វើយ៉ាងណា ឱ្យកិត្តិយសរបស់យើងបានខ្ពស់ ពីព្រោះថាកិត្តិយសរបស់យើងខ្ពស់ គេគោរពយើងហើយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនសុទ្ធតែអាចផ្សាយបានគ្រប់រឿងទាំងអស់ នៅតាមទីសាធារណៈបាន នោះទេ ព្រោះសេរីភាពរបស់អ្នកសារព័ត៌មាន គឺបញ្ឈប់ត្រឹមសេរីភាពរបស់គេ បើមានការស្នើសុំពីម្ចាស់រូប គឺមិនអាចថតបង្ហាញរូបគេបានឡើយ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា សេរីភាពរបស់យើង គឺបញ្ឈប់ត្រឹមសេរីភាពរបស់គេ អានេះគឺប៉ុណ្ណឹង អញ្ចឹងមិនមែនបានន័យថាផ្លូវសាធារណៈខ្ញុំថតបាននោះទេ ជួនកាលគេមិនឱ្យថត ជួលកាលបើគេវ៉ៃគ្នាយើងថតវារឿង តែបើមានពេលខ្លះគេមិនឱ្យថតរឿងអីផ្សេង នេះជារឿងផ្សេងមិនមែនឱ្យតែផ្លូវសាធារណៈ ខ្ញុំមានសិទ្ធិថតអ្នកឯងផ្សាយនោះ បានទេ វាខុសបែបបទ នេះជាការងារដែលវានៅស្តើងរវាងសិទ្ធិអ្នកសារព័ត៌មាន និងសិទ្ធិបុគ្គលរបស់ម្នាក់ៗទៀត នេះជាការងារដែលយើងត្រូវប្រុងប្រយ័ត្នលើបញ្ហានេះ។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា គិតមកដល់ពេលនេះក្រសួង បានដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មាន មានតិចណាស់ លុះណាតែរឿងធ្ងន់ ដែលបានប៉ះពាល់ដល់ សណ្តាប់ធ្នាប់សង្គម ឫរឿងដែលបានផ្សាយខុស បង្កការភ្ញាក់ផ្អើល នៅក្នុងបរិបទសង្គមនៅពេលនេះ ដែលបានបង្ករការខុសឆ្គង ក្នុងនោះក្រសួងនឹងលើកលែងឱ្យ នៅពេលដែលស្ថាប័នព័ត៌មាននោះ ដឹងថាខ្លួនខុស ហើយសរសេរពាក្យសន្យាបញ្ឈប់សកម្មភាពទាំងនោះ ក្រសួងនឹងអនុញ្ញាតឱ្យបើកដំណើរការវិញ។

ដោយសារតែនៅកម្ពុជា មិនទានមានសមាគម អ្នកសារព័ត៌មានណាមួយ ហ៊ានថ្កោលទោសលើអ្នកសារព័ត៌មាន ដែលសរសេរខុសវិជ្ជាជីវៈនោះទេ ដែលនេះជាចំណុចខ្សោយមួយ របស់វិស័យព័ត៌មាន ដែលធ្វើឱ្យអ្នកសារព័ត៌មាន ចេះតែចេញផុតពីផ្លូវល្អនោះ បើសិនជាមានសមាគមជុំគ្នា ហើយរៀបចំសរសេរកំណត់ ពីការខុសត្រូវនឹងវិជ្ជាជីវៈ នោះអ្នកការសែតទាំងអស់នឹងខ្លាច មិនហ៊ានធ្វើលើសនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ពាក់ព័ន្ធការធ្វើខុសនឹងវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានកន្លងនោះ គឺដោយសារតែអ្នកសារព័ត៌មាន មិនទាន់បានពង្រឹង ហើយហ៊ានអារកាត់ដោយខ្លួនឯង ក្នុងនោះដែរ ក៏អាចជាកំហុសរបស់សាធារណជនដែរ ដោយសារតែព័ត៌មានមិនល្អនោះ គឺមានអ្នកចូលមើលច្រើន ទោះបីដឹងថាខុសក៏ដោយ បើសាធារណជនមិនគាំទ្រ មិននាំគ្នាចូលមើលសារព័ត៌មានដែលមិនល្អនោះ វានឹងរលត់ដោយខ្លួនឯងហើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×