ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា ឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសម្រេចនេះ។

ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត ។
លោកបញ្ជាក់ទៀតថា រាជធានីភ្នំពេញ បានកើនឡើងនូវអ្នកជំងឺកូវីដ-១៩ មិនមានការថមថយនោះទេ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច ។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង ។ ដូច្នេះដើម្បីកាត់ផ្ដាច់ឬសគល់ នៃការរីករាលដាលជម្ងឺ-១៩នេះ លោកស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យបានតឹងរ៉ឹងបំផុត ។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត ម៉ូូតូ និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

លោកបានបញ្ជាក់ថា ការអនុវត្តលើកមុនៗ យើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់ និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។
លោកបានបញ្ជាក់ថា ចំពោះភោជនីយដ្ឋាន ការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់ឲ្យភ្ញៀវអង្គុយហូបចុកទេ ក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេ ភោជនីយដ្ឋាន លក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ ។ ក្នុងនាម អាជ្ញាធរខណ្ឌ ត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះ ឲ្យបានតឹងរ៉ឹងបំផុត។

លោកឃួង ស្រេង បានជំរុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាល បានបិទខ្ទប់ ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវីរុសប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជា បើទោះបីមិនទាន់ចូល ក្នុុងសហគមន៍ក៏ដោយ។
គួរបញ្ជាក់ថា រាជធានីភ្នំពេញសម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើ ចរាចរណ៍ និងរាល់ សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ ដោយដោយអនុវត្ត ចាប់ពីម៉ោង២៣និង៥៩នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


