ភ្នំពេញៈ លោក ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយក ដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការចូលរួមពីមន្ត្រីសមត្ថកិច្ចដែលពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ នៅអគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២-៣-៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះនបរមនាថ នរោត្តម សីហមុនី ព្រមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ប្រើប្រាស់កម្លាំងសរុប ១២.២៨៥នាក់ ដាក់ពង្រាយនៅតំបន់ A ចំនួន ១១.៨៣៦នាក់។ តំបន់ a1 ព្រះបរមរាជវាំងកម្លាំង២៦០នាក់ ការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ។ តំបន់ a2 វេទិកាបុណ្យអុំទូក កម្លាំងចំនួន៤៨៥នាក់ ការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់៕ ដោយ ៖ វិចិត្រ