ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញកាលល្ងាចពីថ្ងៃ២៩ ខែ កក្កដា ២០២១ បានប្រកាសសាលក្រម លើសំណុំរឿងក្តី របស់បុរសជាប់ចោទម្នាក់ ដែលជាប់ចោទពីបទឃាតកម្ម ជាប់ពាក់ព័ន្ធការចាក់ករស្រីម្នាក់ ដែលជាគូសង្សាបណ្តាលឲ្យនាងស្លាប់មួយរំពេច ដោយសារតែប្រចណ្ឌ និង ជម្លោះពាក្យសម្តី នៅពេលស្រវឹងស្រា។
អង្គហេតុ នៃអំពើឃាតកម្មនេះ បានកើតឡើង នៅក្នុងផ្ទះរបស់ជនរងគ្រោះ ដែលមានទីតាំងស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥ នឹង ៣០ នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ ដោយដាក់ទោសគាត់ កំណត់ ១០ ឆ្នាំ និង បង្គាប់ឱ្យជនជាប់ចោទ សងថ្លៃជម្ងឺចិត្ត ចំនួន ២០០ លានរៀល ( ប្រមាណ៥ម៉ឺនដុល្លារអាមេរិក) ទៅម្តាយរបស់ជនរងគ្រោះ ដែលជាភាគី ដើមបណ្តឹង។
លោកចៅញឹម វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ឯកឌៀម វន្ថា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះ ឈ្មោះ វង្ស ម៉ាលីដា ភេទ ស្រី អាយុ ២៧ ឆ្នាំ មានមុខរបរលក់ដូរ។

អ្នកទាំង២ គឺ ជាគូរសង្សារជាមួយគ្នា និងរស់នៅក្នុងចំណុចកើតហេតុខាងលើ។
លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ឯកឌៀម វន្ថា ត្រូវបានជាប់ចោទពីបទ ” ឃាតកម្ម ដោយចេតនា” តាមបញ្ញត្តិមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០ បន្ទាប់ពីគាត់បានចាក់សម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចយកកាំបិតអារកខ្លួនឯង ដើម្បីធ្វើអត្តឃាត ប៉ុន្តែត្រូវបានអ្នកជិតខាងជួយសង្រ្គោះ ទាន់ពេលវេលា។
នាពេលសវនាការ ជនជាប់ចោទ ឯកឌៀម វន្ថា បានឆ្លើយបដិសេធន៍ចំពោះការចោទប្រកាន់គាត់ខាងលើ និង និយាយថា នៅថ្ងៃកើតហេតុនោះ, គាត់ និង ជនជនរងគ្រោះ បានផឹកស្រាស្រវឹងរៀងៗខ្លួន នៅក្នុងផ្ទះ ក៏កើតមានជម្លោះពាក្យសម្ដីគ្នា។

ជនជាប់ចោទនិយាយថា នៅពេលនេះ ជនរងគ្រោះ បានស្ទុះយកកូនកាំបិតចិតបន្លែ មកចាក់លើខ្លួន ហើយគាត់ក៏ព្យាយាម ដណ្តើមយកកាំបិតនោះ ពីនាង ក៏បណ្តាលឲ្យគាត់ យដួល សង្កត់ពីលើកនាង ហើយកាំបិតនោះ ក៏មុតចំករបស់នាងបណ្តាលអោយស្លាប់តែម្តងទៅ។
ជនជាប់ចោទបាននិយាយថា បន្ទាប់ពីឃើញថា នាងស្លាប់ហើយ,,, នៅពេលនោះ ខ្លួនក៏បានយកកាំបិតនោះ មកអារក ដើម្បីសម្លាប់ខ្លួនតាមសង្សាដែរ ក៏ប៉ុន្តែត្រូវបានអ្នកជិតខាងជួយសង្គ្រោះ និង អន្តរាគមន៍។
ជនជាប់ចោទ ឈ្មោះ ឯកឌៀម វន្ថា បានសំណូមពរដល់ តុលាការមេត្តាជួយរកយុត្តិធម៌អោយគាត់ផង និង សម្រេចដោះលែងគាត់ បានស្ថិតនៅក្រៅឃុំ។
សំណុំរឿងនេះ តុលាការរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ចន្ទា ភា


