ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចជាស្ថាពរ នាខែសីហា

CAMSOC-ភ្នំពេញ ៖ ការសាងសង់កីឡដ្ឋានធំ (Main Stadium) បានសម្រេចជាស្ថាពរគ្រប់លក្ខណៈសម្បត្តិទាំងអស់ នាខែសីហា ឆ្នាំ២០២១។

នេះបើតាមការបញ្ជាក់តាមប្រព័ន្ធអនឡាញរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដែលបានបង្ហាញវឌ្ឍនភាពការសាងសង់ កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយពេលនេះ ឯកឧត្តមទទួលបន្ទុកនាយបេសកកម្មកម្ពុជា កំពុងដឹកនាំក្រុមប្រតិភូ-អត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តមបញ្ជាក់ជូនថា «មកដល់ពេលនេះ សំណង់នេះបានលេចចេញជាសមិទ្ធផលពេញគ្រប់លក្ខណៈសម្បត្តិទាំងអស់ មានន័យថា កាលពីពេលមុន យើងនៅសេសសល់ការបំពាក់កៅអីខ្លះៗ ទីលានរត់អត្តពលកម្ម និងទីលានបាល់ទាត់ ប៉ុន្តែឥឡូវនេះ គឺធ្វើរួចរាល់ទាំងស្រុងហើយ។ ចំពោះអាងទឹក ជុំវិញវិមានកីឡដ្ឋាន ដែលជាតំណាងកស្សិណអង្គរ ក៏បានដាក់បង្ហូរទឹកបំពេញអាង និងប្រព័ន្ធភ្លើង អំពូល ភ្លើងបំភ្លឺអាង រួមទាំងប្រព័ន្ធសំឡេង (Sound System) នៅផ្នែកខាងក្នុង ក៏បានបំពាក់រូចរាល់ដូចគ្នាផងដែរ។ ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះ ត្រូវបានធ្វើរួចរាល់ជាស្ថាពរ។ ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ជារួម គឺក្រុមហ៊ុនសាងសង់បានបើកភ្លើងបំភ្លឺសាកល្បង ដោយត្រូវប្រើប្រាស់ ថាមពលអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់។ អ្វីដែលនៅសេសសល់បន្តិចបន្តួចនោះ គឺការងារទីធ្លាខាងក្រៅ រួមទាំងការបោសសម្អាត»។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ដែរថា កិច្ចការត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់កីឡដ្ឋានធំនេះ ត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុតឲ្យតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺយើងត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូនដល់ CAMSOC។ សម្រាប់ការថែទាំនេះ យើងកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស សន្តិសុខ សណ្តាប់ធ្លាប់ អនាម័យ ដើម្បីបន្តការថែទាំ វិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមរតកដ៏ធំមហាសាលរបស់កម្ពុជា សម្រាប់ការទាក់ទាញ និងក្លាយជានិមិត្តរូបថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងប្រារព្ធពិធីបើក-បិទជាផ្លូវការនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រកួត ពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងសម្រួចគោលដៅ យ៉ាងយកចិត្តទុកដាក់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្នុងការទទួលរៀបចំ ធ្វើម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្រ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម