ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តបើកទៅបុកចំពីមុខ ពេញទំហឹង រួចកិនពីលើអូសម៉ូតូ ចូលក្រោមកង់ទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ពៅភេទប្រុសអាយុ ជាង៣០ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ មានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅដែលពាក់ផ្លាកលេខកណ្តាល 1V-6271 ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្តបែនដឹកខ្សាច់មួយគ្រឿងទៀត ពណ៌ទឹកក្រូចពាក់ផ្លាកលេខភ្នំពេញ 3F- 7419 បើកដោយបុរសម្នាក់ ធ្វើដំណើរបញ្រ្ចាសគ្នាក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកចំពីមុខម៉ូតូ ពេញទំហឹងអូសចូលក្រោមកង់រថយន្តទៅមុខជាច្រើនម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯតៃកុងរថយន្តបង្កបើកទ្វាររត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូនិងរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញ ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំ ដោះស្រាយនៅពេលក្រោយ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សាមេត







