ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX 450hមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុក របងផ្ទះពលរដ្ឋពេញទំហឹង បណ្តាលឲ្យរថយន្តទើរទៅមុខលែងរួច សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX450hមួយគ្រឿង ពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ2AG- 9878 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករបងផ្ទះពលរដ្ឋ ពេញទំហឹងបណ្តាលឲ្យរងការខូចខាត របងមួយចំនួន ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខទាំងស្រុង ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តក៏បានរត់ចេញពីកន្លែងកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ រង់ចាំម្ចាស់រថយន្តបង្កមកដោះស្រាយ ជាមួយនឹងភាគីខាងម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ៖ សា មេត
