ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងទៅដល់ពលករ តាមរយៈ facebook របស់លោក នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ថា ចាប់ពីម៉ោងនេះតទៅ សូមបងប្អូនពលករខ្មែរ ដែលកំពុងស្នាក់អាស្រ័យ និងធ្វើការនៅប្រទេសថៃទាំងអស់ កុំចល័តចេញពីកន្លែង ដែលខ្លួនកំពុងស្នាក់នៅ ឆ្ពោះមកកាន់ព្រំដែនកម្ពុជា-ថៃ។ បើទោះបីជាបងប្អូនមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញក៏ដោយ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ សិនទៅ ព្រោះថា ស្ថានភាពមេរោគកូវីដ-១៩បំប្លែងថ្មី Delta កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា ហើយម្យ៉ាងរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបិទព្រំដែនកម្ពុជា-ថៃរួចទៅហើយ។

លោក ហេង សួរ បានបញ្ជាក់ថា ចំពោះមុខនេះ ប្រសិនបើពលករធ្វើដំណើរមកកាន់ព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺនឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃ តម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ និងបម្រាមរបស់កម្ពុជា ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN






