Subscribe youtube Channel: https://youtube.com/channel/UCzOAyBPP-xHHISgDbPO8d0A
Telegram: https://t.me/CENmedia
ភ្នំពេញ ៖ អ្នកវិនិយោគ ជឿជាក់ថា ប្រទេសកម្ពុជា នឹងទទួលបានវិនិយោគិនជាច្រើនពីប្រទេសផ្សេងៗ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកូរ៉េ ត្រូវបានយកមកអនុវត្តនាពេលឆាប់ៗខាងមុខនេះ។

អ្នកវិនិយោគ លើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាចិន និងកូរ៉េ នៅតែល្អប្រសើរ ព្រោះការនាំចេញ និងការនាំចូលរវាងប្រទេសនៅតែមានកំណើន ហើយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា- ចិន និងកូរ៉េខាងត្បូង នឹងអាចទាក់ទាញវិនិយោគិនអន្តរជាតិ ជាច្រើនបន្ថែមឱ្យចូលមកកម្ពុជា។
អ្នកវិនិយោគ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ខណៈ ទំនាក់ ទំនងកម្ពុជា និងកូរ៉េ កាន់តែមានភាពប្រសើរឡើង ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ឆាប់ៗនេះ និងទាក់ទាញក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនពីប្រទេស ផ្សេងៗទៀត ដែលផលិតនាំចេញទៅកូរ៉េ ក៏អាចមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកូរ៉េ ដោយរួចពន្ធ។ ក្រុមហ៊ុនទាំងនោះ ដែលវិនិយោគនៅកម្ពុជា ក៏អាចផលិតនាំចេញទៅចិនផងដែរ ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយមានការរួចពន្ធ ដែលកិច្ចព្រមព្រៀងនេះរំពឹងថានឹងចូលជាធរមាននៅឆ្នាំក្រោយ។

យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា កូរ៉េ មានតម្លៃ ៤៥១ លានដុល្លារ កើនឡើង ៦,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះ កម្ពុជាបាននាំចេញទំនិញចំនួន ១៥៩លានដុល្លារ ទៅកាន់កូរ៉េខាងត្បូង ធ្លាក់ចុះ១,៦ភាគរយ ដោយ សារការរាតត្បាតជំងឺកូវីដ១៩។ ការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ២៩២លានដុល្លារ កើនឡើង ១១,៩ ភាគរយ។
គូរបញ្ជាក់ថា បើយោងតាមអ្នកវិនិយោគ ប៉ុន្មានឆ្នាំមុន កម្ពុជានាំចេញទៅកូរ៉េ ភាគច្រើនជាវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា បាននាំចេញផលិតផលកសិកម្មច្រើន ដែលក្រុមហ៊ុនជាច្រើនពីកូរ៉េ បានមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា សម្រាប់ការនាំចេញទៅប្រទេសរបស់ខ្លួន៕ រក្សាសិទ្ធិដោយ៖CEN



