Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិរក្សាកុមារ បរិច្ចាគថេប្លិត ៤០គ្រឿង ដល់អង្គការ ៤ ក្នុងវិស័យអប់រំ

ភ្នំពេញ​ ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ មូលនិធិរក្សាកុមារ បានបរិច្ចាគថេប្លេត Huawei MatePad ចំនួន ៤០គ្រឿង ដល់អង្គការក្រៅរដ្ឋាភិបាលចំនួន ៤ ដែលធ្វើការជាចម្បងក្នុងវិស័យអប់រំ។ អង្គការទាំងបួននោះគឺ អង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) អង្គការគ្រួសារថ្មី និងអង្គការក្តីសង្ឃឹមថ្មីនៃកម្ពុជា។

លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ បានផ្តួចផ្តើមអោយមានការបរិច្ចាគនេះឡើង ដោយលោកជំទាវយល់ឃើញថា កង្វះឧបករណ៍ថេប្លិតនេះគឺជាឧបសគ្គចម្បងមួយសម្រាប់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សក្រីក្រ ដែលកំពុងសិក្សារៀនសូត្រនៅតាមសាលាអង្គការ ដែលគាត់ត្រូវការរៀនពីចម្ងាយ តែមិនមានលទ្ធភាពទិញឧបករណ៍។

លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ បានធ្វើឱ្យការសិក្សានៅសាលារៀនមានការលំបាកសម្រាប់កុមារទូទៅ ជាពិសេសនោះគឺកុមារដែលមានជីវភាពខ្វះខាត។ ខ្ញុំសង្ឃឹមថាការបរិច្ចាគថេប្លេតនាថ្ងៃនេះ នឹងជួយដោះស្រាយបញ្ហាមួយចំនួនដែលអង្គការទាំងបួនកំពុងជួបប្រទះ ហើយសិស្សានុសិស្សកាន់តែច្រើនអាចបន្តការសិក្សាពីចម្ងាយ ជាពិសេសសិស្សដែលត្រូវឆ្នាំប្រលង។”

ក្នុងកិច្ចប្រជុំតាមអនឡាញរវាងលោកជំទាវ ជា សេរី និងតំណាងអង្គការទទួលផល លោកជំទាវ នួន ភីមាន ជាស្ថាបនិក និងនាយកប្រតិបត្តិអង្គការលើកស្ទួយប្រជាពលរដ្ឋ (PIO) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ជា សិរី និងបានចែករំលែកអំពីគុណប្រយោជន៍នៃថេប្លេតទាំងនេះ ចំពោះសិស្សានុសិស្សដែលកំពុងរៀននៅអង្គការ PIO។

លោកជំទាវ នួន ភីមាន បានមានប្រសាសន៍ដូចនេះថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិរក្សាកុមារ និងលោកជំទាវ ដែលបានបរិច្ចាគថេប្លេតដ៏ល្អទាំងនេះមកអោយយើងខ្ញុំ។ មានសិស្សជាច្រើនដែលខ្វះខាតឧបករណ៍សម្រាប់ការសិស្សាពីចម្ងាយ។ យើងនឹងប្រើប្រាស់ថេប្លិតទាំងនេះអោយបានជាប្រយោជន៍ដល់សិស្សច្រើនគ្នា ដោយអោយអាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ ដែលជាឆ្នាំប្រឡង។”

លោក ប៊ន សុខ ហេង នាយកប្រតិបត្ដិនៃអង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជា លោក សាមុអេល ចូសេប អេ កេប (Samuel Joseph A. Cappe) នាយកផ្នែកទំនាក់ទំនងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងលោកស្រី មាច សុខជា មន្រ្តីត្រួតពិនិត្យនិងវាយតម្លៃ នៃអង្គការគ្រួសារថ្មី ដែលមានវត្តមានក្នុងការប្រជុំតាមអនឡាញនោះ បានសម្តែងនូវអារម្មណ៍និងការថ្លែងអំណរគុណដូចគ្នា ព្រមទាំងបានចែករំលែកពីបញ្ហាប្រឈមផ្សេងៗដែលអង្គការរបស់ពួកគាត់កំពុងជួបប្រទះ។

លោកជំទាវ ជា សិរី បានឆ្លើយតបដោយបញ្ជាក់ចេតនាគាំទ្រ និងសហការជាមួយអង្គការទាំងអស់ក្រោមទម្រង់ និងតាមមធ្យោបាយដ៏ទៃទៀតនាពេលអនាគត។ លោកជំទាវបានស្នើឱ្យអង្គការទាំងបួនផ្តល់មតិយោបល់ត្រឡប់វិញអំពីអត្ថប្រយោជន៍នៃថេប្លេត និងលើកទឹកចិត្តអោយពួកគាត់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមូលនិធិរក្សាកុមារបន្តទៅទៀត។ លោកជំទាវក៏បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់របស់ខ្លួន និងអំពាវនាវអោយសប្បុរសជនចូលរួមបរិច្ចាគ និងធ្វើការរួមគ្នាដើម្បីជ្រោមជ្រែងសិស្សានុសិស្ស និងអង្គការដែលកំពុងជួបការលំបាក។

លោកជំទាវបានបង្ហោះសារយ៉ាងនេះថា “អង្គការក្រៅរដ្ឋាភិបាលនីមួយៗមានសិស្សចំនួន ៣០០-៦០០០ នាក់ ដូច្នេះថេប្លិត ចំនួន១០ គ្រឿងសម្រាប់អង្គការនីមួយៗនេះ ប្រៀបដូចជាទឹកមួយតំណក់នៅមហាសមុទ្រអញ្ចឹង ប៉ុន្តែយ៉ាងណាក្តី យើងសង្ឃឹមថាយើងអាចធ្វើបានច្រើនជាងនេះនាពេលអនាគត តាមរយៈការទទួលបាន ជំនួយ ពី អ្នកទាំងអស់គ្នា។”

យើងសង្ឃឹមថា សារចែករំលែករបស់លោកជំទាវនឹងជំរុញឲ្យមានសកម្មភាពចូលរួម និងការបរិច្ចាគពីសប្បុរសជនក្នុង និងក្រៅប្រទេសកាន់តែផុសផុលឡើង ដើម្បីជួយដល់ឧបត្ថម្ភដល់សិស្សានុសិស្សខ្វះខាត និងអង្គការក្នុងវិស័យអប់រំ៕ រក្សាសិទ្ធិដោយ៖CEN

×