ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ដែលមានចំនួន ៥០ម៉ឺនដូស ក្នុងគោលដៅ ១លានដូស។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់សាំង, សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ហើយវ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន៥០ម៉ឺនដូស រីឯ ៥០ម៉ឺនដូសទៀត រំពឹងថា នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ខណ:ដែលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។
ទាក់ទិននឹងស្ថានភាពការឆ្លងរាលដាលនៃមេរោគកូវីដ-១៩វិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិលបាល និងជាប្រធានគណកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា ការរកឃើញនូវពពួកបំប្លែងថ្មីនៅក្នុងសហគមន៍របស់យើង កន្លងមក យើងរកឃើញនៅក្នុងចំណោមពលករមកពីថៃ ប៉ុន្ដែឥឡូវនេះ បានឆ្លងបន្ដទៀត គឺចេញពីការប៉ះពាល់ពលករ ដែលត្រលប់មកពីប្រទេសថៃ ដែលឆ្លង និងឈឺដោយជំងឺកូវីដ-១៩ ទៅដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋយើងនៅក្នុងសហគមន៍ ដែលរស់នៅ សៀមរាប កំពង់ធំ ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ។

ដើម្បីកុំឱ្យវីរុសបម្លែងថ្មីនេះ វាធ្វើចរាចរណ៍ទៅទៀត ទាល់តែមនុស្សកុំចរាចរណ៍ ដូច្នេះ សូមមេត្ដាអនុវត្ដវិធានការសុខាភិបាល ៣ការពារ ៣កុំ ឱ្យមានខ្ជាប់ខ្ជូន។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ថ្លែងថា វិធានការការពារយើងមានហើយ គឺផែនការល្អ និងសុវត្ថិភាព, នៅឡើយតែការអនុវត្ដរបស់ប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ ជោគជ័យឬមិនជោគជ័យអាស្រ័យលើការចូលរួម របស់ប្រជាពលរដ្ឋ, ប្រសិនបើមិនមានការចូលរួមឱ្យបានត្រឹមត្រូវនោះទេ ការចម្លងនឹងបន្ដទៅទៀតហើយ ដូច្នេះហើយឆ្លងមួយដំណាក់ទៀត យើងនឹងហួសបន្ទាត់ក្រហម នៅពេលដែលហួសបន្ទាត់ក្រហមហើយ យើងនឹងពិបាកជាងពេលនេះទៅទៀត សូម្បីតែមូលដ្ឋានសាធារណៈ ក៏រកកន្លែងដាក់អ្នកជំងឺមិនបាន អ្នកដែលត្រូវការជួយសង្គ្រោះបន្ទាន់ អ្នកជំងឺធ្ងន់ៗ ពិសេស ជនចាស់ជរា ជាដើម ក៏គ្មានកន្លែងដាក់ព្យាបាលដែរ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

















