Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

JICA ផ្តល់ជំនួយឥតសំណងជាង៣លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអាហារូបកណ៍អភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Kamei Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង អាហារូបកណ៍ដើម្បីអភិវឌ្ឍធនធានមនុស្ស (JDS) ដែលមានទឹកប្រាក់ចំនួន ៣៦២លានយ៉េនជប៉ុន (ស្មើប្រមាណ ៣.៣លានដុល្លារអាមេរិក) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

គម្រោងនេះ មានគោលបំណងជួយគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងរបស់ រាជរដ្ឋាភិបាលដែលរំពឹងថានឹងចូលរួមបង្កើត និងអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងដើរតួជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ហើយគម្រោងមានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងមនុស្ស តាមរយៈសកម្មភាពសិក្សា សកម្មភាពសង្គម និងបទពពិសោធន៍ក្នុងប្រទេសជប៉ុន។
កិច្ចព្រមព្រៀងថ្មីនេះ នឹងផ្តល់ឱកាសដល់មន្ត្រីកម្ពុជា ចំនួន២៦ នាក់ទៅសិក្សានៅប្រទេសជប៉ុននារដូវក្តៅ ក្នុងឆ្នាំ២០២២។
កម្មវិធីអាហារូបកណ៍ JDS បានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ២០០០ ហើយអស់រយៈពេលជាង ២០ឆ្នាំមកនេះ មានមន្ត្រីវ័យក្មេងជាង ៤៨០នាក់ បានទទួលអាហារូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតក្នុងប្រទេសជប៉ុន។

គម្រោងនេះពិតជាសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងប្រទេសកម្ពុជា។ អតីតនិស្សិត JDS ជាច្រើនបានក្លាយជាមន្ត្រីជាន់ខ្ពស់ បម្រើការងារក្នុងក្រសួងនានា ក្នុងប្រទេសកម្ពុជា ដូចជាលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×