Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ សុខ ទូច ៖ ទំនាក់ទំនងរវាងកម្ពុជា-ចិន ឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា

ភ្នំពេញ​ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ជានិច្ចកាលតែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព «គោល នយាបាយចិន មួយ»។
លើសពីនេះទៅទៀត កម្ពុជាក៏មាន ទំនាក់ទំនងល្អផងដែរជាមួយប្រទេសចិន ទាំងទ្វេភាគី និងពហុភាគី ក្នុងក្របខណ្ឌ អាស៊ាន ដូចជា អាស៊ាន+៣ អាស៊ាន+១ និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ និងយន្តការអន្តរជាតិដទៃទៀត។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ថ្វីបើមកដល់ពេលនេះ ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិន ទើបមានរយៈពេលជាង ៦០ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែ ទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ មិនមែនទើបតែមានក្នុងរយៈពេលជាង ៦០ ឆ្នាំចុងក្រោយនេះទេ គឺប្រទេសយើងទាំងពីរបានមានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។

ប្រធានរាជបណ្ឌិតសភាកម្ពុជាបានបន្តទៀតថា ក្នុងកម្រិតនយោបាយយើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនាពេលនេះ បានមកដល់ចំណុចមួយគួរឱ្យមោទនៈ និងប្រកបដោយក្តីអំណរ ប៉ុន្តែ ក្នុងកម្រិតប្រជាជន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។ ក្នុងស្ថានភាពនេះ វាទាមទារឱ្យយើងដែលជាអ្នកវិទ្យាសាស្ត្រ អង្គុយតុជាមួយគ្នាដើម្បីជជែកពិភាក្សាដោយលើកយកបញ្ហាប្រឈមនានា ដែលមានពីមុនមក និងកំពុងមានយកមកបកស្រាយ និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីផ្តល់ជាធាតុចូលជូនដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងជាស្ពាន ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរកម្ពុជា-ចិន។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ទៀតថា ក្នុងទិដ្ឋភាពភូមិសាស្ត្រ ប្រទេសយើងទាំងពីរចងភ្ជាប់ដោយទន្លេមេគង្គ និងទន្លេឡានឆាង ដែលជាប្រភពទឹក ស្រោចស្រពយ៉ាងសំខាន់ និងជាខ្ទះអាហារដ៏ធំនៃប្រជាជន នៃប្រទេសយើងទាំងពីរ។ ទន្លេទាំងនេះ បានផ្តល់ទឹកសម្រាប់ប្រើប្រាស់ ទាំងវិស័យ កសិកម្ម វិស័យ ឧស្សាហ៍កម្ម ក៏ដូចជា ជីវចម្រុះ តាមដងទន្លេ។
ជាការពិតណាស់ ទោះបីយើងមានព្រំដែនឆ្ងាយគ្នា មានភាសាផ្សេងគ្នា និងមានរបបនយោ បាយខុសគ្នាក៏ពិតមែន តែអ្វីដែលដូចគ្នានោះ គឺយើងមានស្នាមញញឹមដូចគ្នា ទទួលទានទឹកទន្លេមេគង្គដូចគ្នា ស្រូបយកខ្យល់អុកស៊ីសែនដូចគ្នា និងមានបំណងដូចគ្នា គឺកសាងទំនាក់ទំនងល្អជាមួយគ្នា។ ទាំងអស់នេះហើយ ដែលធ្វើឱ្យទំនាក់ទំនង នៃប្រទេសយើងទាំងពីរ មិនអាចកាត់ផ្តាច់បាន ជាពិសេស សម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយប្រទេសចិន ហើយបានបន្តមកទៀតនេះ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនង កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ រក្សាសិទ្ធិដោយៈ ចេស្តារ