Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានអ្នកកំពុងអន្តរាគមន៍ រត់ការធានា ឧត្តមសេនីយ៍យោធាផ្កាយពីរ សូយ ចាន់សឿន នៅក្រៅឃុំ

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន នាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ គឺមានអ្នកកំពុងតែរត់ការខ្វែងដៃខ្វែងជើង និងអន្តរាគមន៍ទៅថ្នាក់លើដើម្បីធានានៅក្រៅឃុំ។

លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ។ ដីកាបង្គាប់ឲ្យចាប់ខ្លួនបានចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ប្រាប់ CEN នៅរសៀលនេះថា បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ទៅសាលាដំបូងខេត្តកំពង់ស្ពឺ។ ហើយកំពុងតែស្ថិតនៅក្រោមការសាកសួររបស់ព្រះរាជអាជ្ញានៅឡើយ។ “នៅពេលនេះតុលាការកំពុងតែសាកសួរ សមត្ថកិច្ចបានចាប់កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ”។

ចំពោះព័ត៌មានដែលថាមានអ្នករត់ការធានានៅក្រៅឃុំ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា “អត់ដឹងទេ ទាល់តែសួរខាងតុលាការបានគេដឹង”។

លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ដែលសមត្ថកិច្ចចាប់ខ្លួន គឺពាក់ព័ន្ធករណីប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់លើស្ត្រីពាណិជ្ជករម្នាក់កាលពីដើមឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ធ្លាប់បានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន អាចប្រឈមមុខនឹងការលុបឈ្មោះចេញពីកងទ័ព បើសិនជាតុលាការរកឃើញថា មានកំហុសបានប្រព្រឹត្តដូចជា ការចោទប្រកាន់របស់ស្ត្រីរងគ្រោះមែននោះ ពាក់ព័ន្ធករណីប្រើអំពើហិង្សា គំរាមបាញ់សម្លាប់ និងបង្ខាំងមនុស្សដោយខុសច្បាប់។ចំពោះករណីលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺជនរងគ្រោះបានប្តឹងទៅតុលាការហើយ គឺលោកបានមានវិធានការឲ្យលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ចូលខ្លួនទៅឆ្លើយបំភ្លឺនៅតុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមផ្លូវច្បាប់។ ហើយចំពោះរឿងនេះ គឺអត់មានអ្នកណាមួយមកការពារលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន គឺធ្វើទៅតាមផ្លូវច្បាប់។

អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិបានសង្កត់ធ្ងន់ថា បើសិនជាតុលាការកាត់ក្តីថា លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ខុសគឺត្រូវលុបឈ្មោះចោលតែម្តង។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា “ដើមបណ្តឹងដែលជាអ្នករងគ្រោះ គេបានប្តឹងទៅតុលាការហើយ គឺខ្ញុំមានវិធានការមួយឲ្យមនុស្សហ្នឹង (លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន) ចូលខ្លួនទៅតាមផ្លូវច្បាប់ ហើយអត់មានអ្នកណាមួយមកការពារទេ ខ្ញុំបានណែនាំអប់រំហើយអស់ហើយ គឺកាលណាដីកាកោះហៅត្រូវតែចូលខ្លួន ដើម្បីទៅដោះស្រាយ ហើយបើសិនណាចូលខ្លួនហើយ តុលាការកាត់ថា មនសុ្សហ្នឹងខុស គឺត្រូវទៅតាមតុលាការគេកាត់ ហើយក្នុងកងទ័ពយើងត្រូវតែលុបឈ្មោះគាត់ចោលតែម្តង”។

លោក ខៃ សម្ជស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាកោះលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន រស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចូលទៅកាន់កាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីសាកសួរពីដំណើររឿងប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ តាមពាក្យបណ្តឹងរបស់ឈ្មោះ ឌួង ហេម៉ាលីស ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន មិនបានចូលខ្លួនទៅបំភ្លឺតាមការកោះនោះទេ។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាពាណិជ្ជករបានឲ្យដឹងថា កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែពីរនាក់លើដងផ្លូវស្ថិតនៅចំណុចមុំរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល ឈ្មោះ សូយ ចាន់ធឿន បានវាយដំអ្នកស្រី និងបានដកកាំភ្លើងខ្លីភ្ជង់គម្រាមមិនឲ្យស្រែក និងគំរាមបាញ់បំបាក់ជើង និងបាញ់សម្លាប់ តាមផ្លូវរហូតទៅដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំងបានចាប់បង្ខាំងទុកនៅផ្ទះកូនចៅរបស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការ នៃក្រសួងការពារជាតិ រហូតដល់វេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ទើបមានសមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍រំដោះអ្នកស្រី ចេញពីផ្ទះដែលបានបង្ខាំងអ្នកស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×