Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តបម្រាមគោចរចាប់ពីម៉ោង ២១និង០០នាទីយប់ ដល់ម៉ោង ៣និង០០នាទីទៀបភ្លឺ

ភ្នំពេញ ៖ ដោយអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ និងសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ២៣និង៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក៏ដូចជាអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោក លោកស្រីស្នងការរង បានដឹកនាំកម្លាំងចេញល្បាតត្រួតពិនិត្យ តាមគ្រប់គោលដៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩និង០០នាទីយប់ ដល់ម៉ោង ៣និង០០នាទីទៀបភ្លឺ ក្រោមការចុះត្រួតពិនិត្យផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយ:ពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩និង០០នាទីយប់ ដល់ម៉ោង ៣និង០០នាទីទៀបភ្លឺ ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសម្រេចនេះ។

ការដាក់ចេញជាបទបញ្ជា ឲ្យគណៈបញ្ជាការឯកភាពទាំង១៤ អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ video conference ក្រោមអធិបតីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត ។ លោកបញ្ជាក់ទៀតថា ៖រាជធានីភ្នំពេញបានកើនឡើងនូវអ្នកជំងឺកូវីដ-១៩
មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច ។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង ។ ដូច្នេះដើម្បីកាត់ផ្ដាច់ឬសគល់នៃការរីករាលដាលជម្ងឺ-១៩នេះ លោកស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យបានតឹងរឹងបំផុត ។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត និងផាកពិន័យ ទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

លោកបានបញ្ជាក់ផងដែលថា ៖ការអនុវត្តលើកមុនៗ យើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់ និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។

លោកក៏បានបញ្ជាក់ផងដែរថា ៖ចំពោះភោជនីយដ្ឋានការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់ឲ្យភ្ញៀវអង្គុយហូបចុកទេ ក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ ។ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យ លើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។

លោកឃួង ស្រេងបានជំរុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាលបាន បិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវីរុសប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង បើទោះបីមិនទាន់ចូលក្នុងសហគមន៍ក៏ដោយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×