ភ្នំពេញ ៖ អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺន រថយន្ត១លានរៀល ហើយបើល្មើសធ្ងន់ធ្ងរ អាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តទៀត។

ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដានេះតទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះអ្នកល្មើសបម្រាមគោចរ ពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត គ្មានការលើកលែងឡើយ។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ អនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្តនូវវិធានការ ដោយបិទបម្រាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកូវីដ បំប្លែងថ្មីដែលតា ។ លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាព និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំប្លែងថ្មីនេះ។ ទទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេច បិទបម្រាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅ សរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។
គួរបញ្ជាក់ថា នៅរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកឃួង ស្រេង បានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន មានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








