ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់កម្មវិធីបង់ប្រាក់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមទូរស័ព្ទដៃ និងការដឹកជញ្ជូនលតាបត្រ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនសាធារណជន ឬម្ចាស់ យានជំនិះ ជាអ្នកជាប់ពន្ធ ដែលមានមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលជាកម្មវត្ថុនៃពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទមេត្តាជ្រាបថា ក្នុងបរិបទនៃការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យពន្ធដារ ស្របតាមគោលនយោបាយ កែទម្រង់របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍមុខងារ សម្រាប់បង់ប្រាក់ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃក្នុងកម្មវិធី “GDT Taxpayer App” ក្នុងគោលដៅ ធានាបាននូវប្រសិទ្ធភាព និងតម្លាភាពលើកិច្ចការគ្រប់គ្រង ការប្រមូលចំណូលពន្ធដារ ក៏ដូចជាក្នុងន័យបង្កលក្ខណៈកាន់តែ ងាយស្រួល និងឆាប់រហ័សជូនម្ចាស់យានជំនិះ ក្នុងការបង់ប្រាក់ពន្ធតាមទូរស័ព្ទដៃ ដោយមិនចាំបាច់អញ្ជើញទៅបង់ប្រាក់ពន្ធ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមសាខាធនាគារពាណិជ្ជ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ និងមិនចាំបាច់ទៅ យកលតាបត្រនៅទីកន្លែងបង់ប្រាក់ពន្ធទៀតនោះឡើយ។ បន្ទាប់ពីម្ចាស់យានជំនិះបានបង់ប្រាក់ពន្ធ តាមកម្មវិធីនេះរួចរាល់ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការដឹកជញ្ជូនលតាបត្រនោះ ដល់ទីកន្លែងរបស់ម្ចាស់យានជំនិះតែម្តង។ អគ្គនាយកដ្ឋានពន្ធដារ
សូមជម្រាប និងណែនាំពីអត្ថប្រយោជន៍ របៀបដំឡើង និងប្រើប្រាស់កម្មវិធីសម្រាប់បង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាមទូរស័ព្ទដៃ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ











