ភ្នំពេញ ៖ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងសារលើផេកហ្វេសប៊ុកថា កាលពីម្សិលមិញ ខ្ញុំបានជួបជាមួយមេធាវីក្រុមហ៊ុនសុខគង់ តាមការណែនាំរបស់ លោកស្រី សុខ ចន្ថា ម្ចាស់ក្រុមហ៊ុនដែលបានជួលទីតាំងអគារ និងអាជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនចិន ដែលបានបានមកវិនិយោគ លើវិស័យទេសចរណ៍ និងកាស៊ីណូ ដែលមានឈ្មោះថា Sokha Vegas មានទីតាំងនៅជាប់សណ្ឋាគារសុខាខេត្តព្រះសីហនុ។
លោកដួង តារា បានថ្លែងថា យោងទៅលើសំណើប្រកបដោយការអង្វករ ពីវិនិយោគគិនចិនឈ្មោះ Pang Zhengli ដែលបានដាក់លិខិតគោរព ស្នើសុំមក សម្តេចតេជោ កាលពីពេលថ្មីៗនេះ គឺក្នុងគោលបំណងសុំការយោគយល់សណ្តោសប្រណីពីភាគីក្រុមហ៊ុន ក្នុងស្រុកមេត្តាជួយបន្ធូរបន្ថយថ្លៃឈ្នួល ដែលតម្លៃដើម គឺ៤៧ម៉ឹនដុល្លារ ក្នុង១ខែ (មុនបិទ Online មុនកើត Covid-19) តែពេលនេះក្រុមហ៊ុន មិនមានលទ្ធភាពបង់ថ្លៃឈ្នួល ពេញថ្លៃបានឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលបន្ទុកមើលថែបុគ្គលិកខ្មែរ ចំនួន១៤០នាក់ (ពីមុនជាង៦០០នាក់) និងបុគ្គលិកចិន៦០នាក់ ដែលកំពុងស្ថិតនៅក្នុងខេត្តព្រះសីហនុ។
ជំនួយការផ្ទាល់សម្តេចតេជោ បានលើកឡើងថា តាមពិតទៅក្រុមហ៊ុនចិន នៅតែចង់បន្តវិនិយោគ ជាមួយដៃគូដដែល ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរខាងលើ (ករណីប្រធានស័ក្ត) ទើបក្រុមហ៊ុនចិន ស្នើសុំឲ្យមានការយោគយល់ បន្ធូរបន្ថយថ្លៃឈ្នួលចាប់ពីខែ៦ ដល់ខែ ១២ ឆ្នាំ ២០២១ នេះ ដោយសុំបង់ប្រាក់ឈ្នួលត្រឹម ៧ម៉ឺនដុល្លារក្នុង១ខែ រហូតដល់ដាច់ឆ្នាំ២០២១។ ចាប់ពីខែមករា ឆ្នាំ ២០២២ទៅ សុំបង់ថ្លៃឈ្នួលជូនចំនួន ១៨ម៉ឺនដុល្លារ ក្នុង១ខែ។ ប្រសិនបើភាគីចិន គ្មានលទ្ធភាពបង់តាមការធានាអះអាងខាលើទេនោះ គឺក្រុមហ៊ុនសុខចិត្តដើរចេញ ហើយប្រគល់ប្រាក់កក់ជាង ៣លានដុល្លារ និងសម្ភារៈបរិក្ខារព្រមទាំងសំណង់អាគារទាំងមូល ជូនទៅភាគីក្រុមហ៊ុនឧកញ៉ា សុខ គង់ ដោយគ្មានការតវ៉ាឡើយ (តម្លៃជាង១១លានដុល្លារ) ។ សំណូមពរចុងក្រោយ គឺប្រសិនបើភាគីដៃគូ ក្នុងស្រុកមិនយល់ព្រមតាមសំណើទាំងពីរខាងលើនេះទេ ភាគីចិនសូមដកលុយកក់ជាង៣លានដុល្លារមកវិញ ហើយយល់ព្រមដើរចេញ ពីទីតាំងជួលដោយគ្មានការតវ៉ាឡើយ។ សំណូមពរទាំង៣នេះ ភាគីក្រុមហ៊ុនឧកញ៉ាសុខគង់ មិនទទួលយកឡើយ ហើយបានប្រាប់ឲ្យភាគីចិន អនុវត្តន៍កាតព្វកិច្ចដែលមានចែង ក្នុងកិច្ចសន្យាជួលរយៈពេល១០ឆ្នាំ រវាងក្រុមហ៊ុនដៃគូទាំងពីរ។

ដំណោះស្រាយឈរលើការសម្របសម្រួល ដោយមនោសញ្ចេតនា និងការអធ្យាស្រ័យ យោគយល់ គឺមិនអាចធ្វើបានឡើយ ដោយសារភាគីដៃគូក្រុមហ៊ុន ក្នុងស្រុកមិនព្រម។ ប៉ុន្តែខ្ញុំបានលើកទឹកចិត្តកុំឲ្យវិនិយោគគិនចិន បាក់ទឹកចិត្ត គឺនៅមានឱកាសច្រើនទៀត ក្នុងការរកស៊ីនៅប្រទេសកម្ពុជា ។ ពេលនេះ គឺមានតែត្រូវប្រើប្រាស់សិទ្ធិដោះស្រាយបញ្ហា ជាមួយគ្នាតាមផ្លូវច្បាប់តែប៉ុណ្ណោះ។
នៅខេត្តព្រះសីហនុ សព្វថ្ងៃ មានក្រុមហ៊ុនកាស៊ីណូជាច្រើន ដែលកំពុងប្រឈមនឹងបញ្ហាដូចនេះ ហើយមួយចំនួនទៀត បានក្ស័យធន បិទទ្វាវិលត្រឡប់ទៅប្រទេសចិនវិញ។
លោកដួង តារា បានណែនាំឲ្យ លោក Pang Zhengli និងដៃគូវិនិយោគចិន ងាកមករកឱកាសវិនិយោគថ្មី ដែលកំពុងមានសក្តានុពល គឺវិស័យកសិឧស្សាហកម្ម ដែលកំពុងមានទីផ្សារយ៉ាងល្អ នៅប្រទេសចិន ដែលអាចរកចំណូលបានល្អ ហើយមិនភ័យព្រួយទៀតផង។ ប្រទេសកម្ពុជា ជាប្រទេសដែលមានអំណោយផលល្អខ្លាំង លើវិស័យកសិកម្ម។
លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ថ្ងៃនេះ ខ្ញុំបានណែនាំឲ្យពួកគាត់បានជួបអ្នកវិនិយោគគិន ជោគជ័យវ័យក្មេងកម្ពុជា មកពីក្រុមហ៊ុន ACCI ដើម្បីចាប់ដៃសហការវិនិយោគជាមួយគ្នា។ ក្រុមហ៊ុន ACCI ជាក្រុមហ៊ុនស្មោះត្រង់ ដែលការពារផលប្រយោជន៍ដៃគូ និងរួមសុខរួមទុក្ខជាមួយគ្នា។ ក្រៅពីគម្រោងកសិកម្ម ក្រុមហ៊ុន ACCI មានគម្រោងវិនិយោគរមណីយដ្ឋាន នៅមណ្ឌលគិរី និងគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុផងដេរ ដែលពេលនេះ កំពុងរកដៃគូពីប្រទេសចិន។ មិនថាតែក្រុមហ៊ុន Sokha Vegas ទេ ប្រសិនបើក្រុមហ៊ុនដទៃទៀត មានចម្ងល់អ្វី ឬមានបំណងវិនិយោគលើវិស័យផ្សេងៗទៀត សូមទំនាក់ទំនងមកខ្ញុំ ឬក្រុមហ៊ុន ACCI ។ កម្ពុជាត្រូវការអ្នកវិនយោគគិនល្អ ពិតប្រាកដដែលវិនិយោគត្រឹមត្រូវ ដើម្បីរួមចំណែកកសាងប្រទេសឲ្យរីកចម្រើន”។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ