ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ របស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។
ប្រភពដដែល បានបន្តថា យោងវិធានការបិទខ្ទប់ភូមិសាស្ត្រ បណ្តាខេត្តមួយចំនួន ជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងការរឹតបន្តឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើក ដំណើរការប្រទេសជាតិឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយ នឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅកម្ពុជា ក៏ដូចជាយោងលើវិធានការបិទខ្ទប់ ការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ ដែលកំពុងស្ថិតនៅជាធរមាននៅក្នុងប្រទេសថៃ នោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅ ប្រទេសថៃដូចខាងក្រោម៖
១-កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា នេះ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទេស កម្ពុជាវិញ សូមបងប្អូនមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី១២ ខែសីហា។

២-ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាមួយក៏ដោយ គឺបងប្អូននឹងត្រូវគេតម្រូវ ឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលបំផុស ឬដឹកជញ្ជូនបងប្អូនពលករគឺល្មើសនឹង បម្រាមរបស់អាជ្ញាធរថៃ ហើយត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ផងដែរ។
៣-ក្នុងរយៈពេលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ នៅរៀងរាល់ ម៉ោងធ្វើការ (តាមរយៈទូរស័ព្ទលេខ 092 8050 56 ឬ 094 0925 905 ឬ 062 1413 (0)9 ឬ 086 7999 957) ឬបងប្អូន “ជំនួយកូវីដ-១៩ នៅថៃ- https://t.me/helpkhmerinthailand) ដើម្បីស្ថានទូត ក៏ដូចជាក្រុមការងារស្ម័គ្រចិត្តពិនិត្យ និងខិតខំស្វែងរកដំណោះស្រាយជូនបងប្អូន។ បងប្អូនពលករ គួរខិតខំព្យាយាមទំនាក់ទំនង ទៅលេខទូរស័ព្ទរបស់អាជ្ញាធរពាក់ ព័ន្ធនៃប្រទេសថៃ ដូចមានក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីជូនដំណឹងនេះផងដែរ។

៤-ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាលហើយមិន ទាន់ដឹងថាត្រូវទំនាក់ទំនងទៅផ្នែកណា គឺបងប្អូនអាចទទួលការពិគ្រោះយោបល់អំពីការព្យាបាលជំងឺតូវីដ៩រយៈ
ក្រុមតេឡេក្រាមឈ្មោះ “ពិគ្រោះកូវីដ-១៩ នៅថៃ“ https://t.me/consultcovidinthailand ដែលមានក្រុមគ្រូពេទ្យ សម្រាប់ផ្តល់ប្រឹក្សាយោបល់បឋម និងមានក្រុមស្ម័គ្រចិត្ត ដើម្បីផ្ដល់កញ្ចប់ថ្នាំព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ជូនបង ប្អូនក្នុងករណីចាំបាច់។ បងប្អូនពលករ គួរខិតខំព្យាយាមទំនាក់ទំនងទៅលេខទូរស័ព្ទរបស់មន្ទីរពេទ្យ ឬអាជ្ញាធរថៃ ដែល មានសមត្ថកិច្ចក្នុងការយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដូចមាននៅក្នុងឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងនេះ។
ក្រសួងការងារ បានស្នើសូមបងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ សូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវៀងការ ប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





