Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្មធុរកិច្ចរុស្ស៊ី ជាលើកដំបូង នៅកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសនៃបេសកកម្មធុរកិច្ចលើកទីមួយរបស់រុស្ស៊ីមកកម្ពុជា តាមប្រព័ន្ធអនឡាញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកកម្មកម្ពុជា បានថ្លែងសន្ទរកថា អំពី “កាលានុវត្តភាពវិនិយោគនៅកម្ពុជា” នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីនេះ មានការចូលរួមតាមប្រព័ន្ធអនឡាញ និងផ្ទាល់ពី ធុរជន និងវិនិយោគិនប្រទេសទាំងពីរ និងតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ២៥០នាក់ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា នៅមានសក្តានុពលវិនិយោគជាច្រើន ដែលវិនិយោគិនរុស្ស៊ីគួរពិចារណាវិនិយោគបន្ថែមទៀត ដូចជា វិស័យកសិកម្ម ថាមពល ឱសថ ផលិតកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្រៅតែពីធ្វើការវិនិយោគលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងការអភិវឌ្ឍរមណីយដ្ឋាន។

នៅក្នុងកម្មវិធីជំនួបនេះ គណៈប្រតិភូកម្ពុជា ត្រូវបានដឹកនាំដោយឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខា ធិការក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈភាគីសហព័ន្ធរុស៊្សីដឹកនាំដោយលោកស្រី Natalia Stapran ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ច ពហុភាគី និងគម្រោងពិសេស នៃក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ដែលសក្តិសមបំផុតសម្រាប់មូលដ្ឋានផលិតកម្ម និងងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ហើយថា ថ្មីៗនេះ ការសម្រេចបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី RECP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជា មួយចិន និងគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីជាមួយសាធារណៈរដ្ឋកូរ៉េ នាពេលឆាប់ៗខាងមុខនេះ នឹងជួយពង្រីកទីផ្សារ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាបន្ថែមទៀត។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនរុស្ស៊ីទាំងអស់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ី ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិ យោគ រវាងប្រទេសទាំងពីរ។

រហូតមកទល់ពេលនេះ សភាពាណិជ្ជកម្មបានរៀបចំជំនួបពាណិជ្ជកម្ម និងកម្មវិធីជំរុញការវិនិយោគជាមួយប្រទេសរុស្ស៊ី ក្នុងវិស័យផ្សេងៗជាច្រើន និងបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការជាមួយមូលនិធិ Roscongress នៅឆ្នាំ២០១៨ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី នៅឆ្នាំ២០១៦ និងអនុស្សារណៈយោគយល់ជាមួយសមាគមស៊ីប៊េរី សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវប្បធម៌ នៅឆ្នាំ២០១៥។

បើទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេ សទាំងពីរ នៅមានទំហំតូចនៅ ឡើយ ពោលគឺកាលពីឆ្នាំ ២០២០កន្លងទៅនេះ មានតម្លៃទឹកប្រាក់សរុបប្រមាន ១៩៧លានដុល្លារអាមេរិកប៉ុណ្ណោះ។ បច្ចុប្បន្ន មន្ត្រីជំនាញកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កំពុងប្រឹងប្រែងត្រួសត្រាយផ្លូវឈានទៅដល់ការផ្តួចផ្តើមចរចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-EAEU នាពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា កម្មវីធីនេះ ប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធខួបលើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។ មូលបទនៃកិច្ចពិភាក្សា បានផ្តោតលើវិស័យសំខាន់ៗបី គឺ វិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណែត បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល។ ធុរជនប្រទេសទាំងពីរ នឹងសិក្សាពីលទ្ធភាពក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការជំរុញ និងលើកកម្ពស់គម្រោងរួមគ្នារវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងថែមទៀត៕
រក្សាសិទ្ធិដោយ៖CEN

×