Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ៖ ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅថៃ យកចិត្តទុកដាក់ ដល់ពលករដែលឆ្លងជម្ងឺកូវីដ

ភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់ CEN នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ឲ្យជួយមើលថែទាំដោយយកចិត្តទុកដាក់ ពលករណាដែលឆ្លងជម្ងឺកូវីដ និងបានទាក់ទងជាប្រចាំរោងចក្រសហគ្រាស ក្រុមហ៊ុន ឲ្យផ្គត់ផ្គង់អាហារគ្រប់គ្រាន់ ដល់ពលករដែលស្ថិតក្នុងតំបន់បិទខ្ទប់ ហើយស្ថានទូតតែងយកគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនពលករដែលជួបការលំបាកខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ បានខិតខំប្រឹងប្រែងតាមលទ្ធភាព ដែលខ្លួនអាចធ្វើបាន។ ពលករខ្មែរយើងនៅប្រទេសថៃ មានចំនួនជាងមួយលាននាក់។
ចំណែកស្ថានទូតកម្ពុជាប្រចាំនៅថៃ ក៏បានជូនដំណឹងស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅ របស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។ ប្រសិនជាបងប្អូនពលករមានបញ្ហា នៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង គឺអាចទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ តាមរយៈលេខទូរស័ព្ទ៖ 092 8050 561 094 0925 905 062 1413 009 086 7999 957
ឬ តាមរយៈតេឡេក្រាម «ជំនួយកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/helpkhmerinthailand
ស្ថានទូតបន្តថា ចំពោះបងប្អូនពលករដែលសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-១៩ ឬមានវិជ្ជមានកូវីដ-១៩ កម្រិតស្រាល ហើយមិនទាន់ដឹងថាត្រូវទំនាក់ទំនង ទៅផ្នែកណា អាចពិគ្រោះយោបល់ តាមរយៈតេឡេក្រាម « ពិគ្រោះកូវីដ-១៩ នៅថៃ» តំណរភ្ជាប់៖ https://t.me/consultcovidinthailand
ជាមួយគ្នានេះ ស្ថានទូតសូមបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួនឱ្យសោះ ដើម្បីចៀសវាងប្រឈមនឹងវិធានការច្បាប់នានា និងចៀសវាងការចម្លងជំងឺកូវីដ-១៩ ដល់មិត្តភក្តិ និងក្រុមគ្រួសារ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×